ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោងនឹងផ្តល់ប្រាក់ប្រមាណ១៣៥លានដុល្លារ ដើម្បីធ្វើការជួសជុលស្តារឡើងវិញ និងធ្វើការកែលម្អលើប្រព័ន្ធធារាសាស្ត្រក្នុងខេត្តចំនួន ៥ របស់កម្ពុជា
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៤ វិច្ឆិកា នេះ គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសន្យាថា នឹងផ្តល់ប្រាក់ប្រមាណ១៣៥លានដុល្លារសម្រាប់គម្រោងកែលម្អប្រព័ន្ធធារាសាស្រ្តនៅក្នុងខេត្តចំនួន៥របស់កម្ពុជា។
ខេត្តទាំង៥ ដែលនឹងត្រូវអនុវត្តគម្រោង Irrigated Agriculture Improvement Project (IAIP) របស់ ADB នោះ រួមមានខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តកំពត ។ ដោយគ្រោងនោះនឹងធ្វើទំនើបកម្ម ធ្វើការជួសជុលស្តារឡើងវិញ និងធ្វើការកែលម្អលើប្រព័ន្ធធារាសាស្ត្រក្នុងខេត្តចំនួន ៥ ខាងលើ ឲ្យទៅជាប្រព័ន្ធធារាសាស្រ្តមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលប្រើបានសម្រាប់ស្រោចស្រព្វបានទាំងរដូវប្រាំង និងរដូវវស្សា។
គម្រោង IAIP នឹងវិនិយោគទៅលើការងារដូចជា សាងសង់ប្រព័ន្ធប្រឡាយជាបេតុង - ធ្វើទំនប់អាងទឹកជាបេតុង, ធ្វើទំនប់បង្ហៀរខ្នាតធំ , បំពាក់ស្ថានីយបូមទឹកដើរដោយថាមពលអគ្គីនីយខ្នាតធំ, សាងសង់់សំណង់សិល្បការធំតូចដ៏ច្រើន ដើម្បីធានាឲ្យប្រព័ន្ធធារាសាស្ត្រទាំងនោះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងខេត្តទាំង៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។