បើទៅសួនរុក្ខជាតិអង្គរ កុំភ្លេចជួយទិញម្នាស់អ្នកភូមិធម្មជាតិរុនតាឯក!
គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក កំពុងប្រមូលផលម្នាស់ទឹកឃ្មុំ ដែលបានដាំបង្ហាញលើផ្ទៃដីជាង២ហិកតា។ ការដាំដុះគឺប្រើប្រាស់ជីធម្មជាតិសុទ្ធសាធ និងទទួលបានការកោតសរសើរថាមានឱជារសផ្អែម ឆ្ងាញ់។ សាធារណជន អាចភ្លក់រសជាតិម្នាស់ទឹកឃ្មុំ ដែលដាំដោយអ្នកភូមិធម្មជាតិរុនតាឯក នៅសួនរុក្ខជាតិអង្គរ។
លោក ស៊ុន កែវពិសី អនុប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ប្រាប់ថា គម្រោងដាំបង្ហាញម្នាស់នៅក្នុងភូមិចាប់ផ្តើមពីឆ្នាំ២០២១មក ដោយឆ្នាំដំបូងចំនួន៦ពាន់ដើម លើផ្ទៃដីកន្លះហិកតា និងទទួលផលល្អប្រសើរ។ ដោយទិន្នផលល្អដូច្នេះហើយ ទើបឆ្នាំ២០២២នេះ គម្រោងបានបំបែកកូនដាំជាបន្តបន្ទាប់ ដោយពង្រីកលើផ្ទៃដីសរុប ២ហិកតាកន្លះ។
ចំពោះការប្រើប្រាស់ជីវិញ លោក ស៊ុន កែវពិសី ប្រាប់ថា គឺប្រើជីអាចម៍មាន់ និងប្រភេទជីកំប៉ុស្ត ហើយការប្រើជីធម្មជាតិដូច្នេះ អ្នកជំនាញប្រាប់ថា បានទិន្នផលល្អមិនចាញ់ប្រើជីគីមីប៉ុន្មានទេ និងមិនប៉ះពាល់សុខភាពទៀត។ ចំណែកទីផ្សារវិញ ការដាំនៅឆ្នាំនេះ គឺបេះលក់នៅសួនរុក្ខជាតិអង្គរ ដែលអាជ្ញាធរជាតិអប្សរាទើបនឹងសម្ពោធកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ហើយមានការគាំទ្រច្រើនពីសាធារជនដែលបានចូលទៅទស្សនាក្នុងសួនមួយនេះ។
ក្រៅពីម្នាស់ ក្នុងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកនេះ ក៏មានដាំផ្លែឈើចម្រុះដទៃទៀត រួមមាន ផ្លែខ្នុរ ស្រកានាគ អំពៅ។ល។ បង្ហាញដល់ពលរដ្ឋក្នុងភូមិ និងលើកទឹកចិត្តដល់ពួកគេដាំដុះឱ្យបានច្រើនផងដែរ។ ចំពោះដំណាំម្នាស់វិញ មានពលរដ្ឋ៤គ្រួសារហើយដែលចាប់អារម្មណ៍ ហើយគម្រោងនេះបានចែកពូជកូនសរុប ១២០០កូន ដល់ពលរដ្ឋដោយឥតបង់ថ្លៃ ក្នុងន័យលើកស្ទួយកម្រិតជីវភាពពួកគេឲ្យមានភាពល្អប្រសើរ និងដែលពួកគេយកទៅដាំលើផ្ទៃដីដែលអាជ្ញាធរជាតិអប្សរាចែកជូន។ នេះជាការបញ្ជាក់របស់លោក ស៊ុន កែវពិសី។
លោក ស៊ុន កែវពិសី ក៏លើកឡើងពីខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដើម្បីបន្តអភិវឌ្ឍន៍ភូមិនេះ ដូចជាបានបន្តរៀបចំជាផ្លូវថ្នល់ និងប្រព័ន្ធប្រឡាយ៤ខ្សែបន្ថែមទៀត សម្រួលដល់ការធ្វើដំណើរ និងយកទឹកស្រោចស្រពសម្រាប់ដំណាំកសិកម្មប្រជាពលរដ្ឋក្នុងភូមិទាំងមូលផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។