ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ស្ថាបនា​បាន ៧៣,៧០%​ហើយ គ្រោង​នឹង​បញ្ចប់​នៅមុន​ខែកញ្ញា ឆ្នាំ​២០២៣!

កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តម លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ​ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​តាមដាន​វឌ្ឍនភាព​ការងារ​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ​គម្រោង​ដែល​កំពុង​ស្ថាបនា​។

​ការចុះ​ត្រួតពិនិត្យ​នេះ ក៏​ដើម្បី​ផ្តល់​ធាតុ​ចូលដល់​ក្រុមការងារ​រៀបចំ​អភិវឌ្ឍ​មុខងារ​ត្រួតពិនិត្យ​គុណភាព​ផ្លូវ (Road Care Supervision) បន្ថែម​លើ​កម្មវិធី​ថែទាំ​ផ្លូវ (Road Care Mobile App) ដែល​កំពុង​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន​។

​ក្នុង​ដំណើរ​បេសកកម្ម​នេះ ក្រុមការងារ​អភិវឌ្ឍ​មុខងារ​ត្រួតពិនិត្យ​គុណភាព​ផ្លូវ (Road Care Supervision) នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស និង​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ បាន​បាន​សិក្សា​ស្វែងយល់​ទៅលើ​លំហូរ​ការងារ​បច្ចេកទេស ដែល​កំពុង​អនុវត្ត​លើ​ស្រទាប់​តួ​ផ្លូវ គ្រឹះ​រង គ្រឹះ​សំខាន់ Prime Coat កម្រាល​បេតុង និង​សំណង់​សិល្ប​ការ្យ​មួយចំនួនទៀត​ផងដែរ​។

​ជាងនេះទៅទៀត ក្រុមការងារ​ក៏បាន​ស្វែងយល់​លើ​ការងារ​ពិសោធន៍​មួយចំនួន​ដែល​កំពុង​អនុវត្ត​ជាក់ស្តែង​ក្នុង​ការដ្ឋាន​ដែល​ក្នុងនោះ​រួមមាន​៖ ការធ្វើ​ពិសោធ Benkelman Beam Test ការចាក់​សំណាក​គំរូ​បេតុង​សង្កត់ ការពិនិត្យ​លើ​កម្រាស់​បេតុង ការ​កាត់​តំណ​បេតុង និង​ការថែទាំ​បេតុង​ក្រោយ​សាងសង់​រួច​ជាដើម​។​

​យោងតាម​របាយការណ៍​អគ្គនាយកដ្ឋាន​បច្ចេកទេស នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា​វឌ្ឍនភាព​ការងារ​នៃ​គម្រោង​ស្ថាបនា​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ គិត​រហូត​មកទល់ពេលនេះ សម្រេចបាន ៧៣,៧០% ហើយ នៅសល់តែ​ការងារ​ដូរ​ទំហំ​ការងារ​ស្ពាន​នៅ​ប្រឡាយ​៩៤ និង​ប្រឡាយ​៩៦ ការងារ​ស្ពាន​រំលង​ត្រង់​ផ្លូវជាតិ​លេខ​៤ ការងារ​ផ្លូវ​គីឡូម៉ែត្រ ០+០០ ដល់ គីឡូម៉ែត្រ ៤+៩០០ ជាដើម ហើយ​គម្រោង​នេះ​គ្រោង​នឹង​បញ្ចប់​ការស្ថាបនា​ជា​ស្ថាពរ​នៅមុន​ខែកញ្ញា ឆ្នាំ​២០២៣​ខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close