រដ្ឋមន្ត្រីក្រសួង​វប្បធម៌​៖ ភាពយន្ត​រឿង Top Gun: Maverick ជា​ភាពយន្ត​ហូលីវូដ ដែល​បង្កប់​ខ្លឹមសារ​អប់រំ និង​ជា​កម្លាំងចលករ ក្នុងការ​ជំរុញ​ការច្នៃប្រឌិត​បង្កើត​ថ្មី​

​នា​ល្ងាច​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២២ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ចាក់​បញ្ចាំងភាពយន្ត​រឿង Top Gun: Maverick ដែល​រៀបចំឡើង​ដោយ​ស្ថានទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំ​នៅ​កម្ពុជា នៅ​រោងភាពយន្ត Legend Premium Exchange Square​។

​ក្នុងឱកាស​នោះ ឯ​.​ឧ W. Patrick Murphy ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហរដ្ឋ​អាម៉េរិក ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​ការអញ្ជើញ​របស់លោក​ជំទាវ​បណ្ឌិតសភា​ចា​រ្យ ព្រមទាំង​ភ្ញៀវកិត្តិយស​ទាំងអស់ និង​បញ្ជាក់ថា គោលបំណង​សំខាន់​នៃ​ការរៀបចំ​កម្មវិធី​នេះ គឺ​ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ និង​បញ្ជ្រៀប​ចំណេះដឹង​ផ្នែក​កម្មសិទ្ធិបញ្ញា​ជូន​ដល់​យុវជន​កម្ពុជា​។

​លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា បាន​ថ្លែងថា ការចាក់​បញ្ចាំងភាពយន្ត​រឿង Top Gun: Maverick នេះ មិន​ត្រឹមតែ​ជា​វេទិកា​សម្រាប់​ផ្សព្វផ្សាយ​ភាពយន្ត​ហូលីវូដ​ដែល​បង្កប់​ខ្លឹមសារ​អប់រំ និង​បង្ហាញ​ពី​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការផលិត​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​វេទិកា​ដ៏​សំខាន់​ក្នុងការ​ចែករំលែក បញ្ជ្រៀប​ចំណេះដឹង និង​ការគោរព​ច្បាប់​កម្មសិទ្ធិបញ្ញា ដែលជា​មូលដ្ឋានគ្រឹះ និង​ជា​កម្លាំងចលករ​ក្នុងការ​ជំរុញ​ការច្នៃប្រឌិត​បង្កើត​ថ្មី​។

​គួរបញ្ជាក់​ជូន ភាពយន្ត​រឿង Top Gun បាន​ផលិត​លើកដំបូង​កាលពី​ឆ្នាំ ១៩៨៦ សម្តែង​ដោយ​តារា​ហូលីវូដ​លោក Tom Cruis៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close