ប្រធាន​សហព័ន្ធ​បាល់ទះ កោតសរសើរ​ក្រុម​បាល់ទះ​ឈ្នះ​មេដាយ​សំរឹទ្ធ ស៊ី​ហ្គេម​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​អញ្ជើញ​ផ្តល់​ការលើកទឹកចិត្ត​ជូន​ដល់​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បន្ទាប់ពី​ដណ្តើមបាន​មេដាយ​សំរឹទ្ធ​ជា​ប្រវត្តិសាស្ត្រ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

​ឯកឧត្តម​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​សម្តែង​នូវ​ក្តី​រីករាយ​ជាខ្លាំង ដែល​ក្រុម​បាល់ទះ​កម្ពុជា​ដណ្តើមបាន​មេដាយ​ជា​ប្រវត្តិ​ដំបូង​ជូន​ជាតិ នាពេលនេះ​។ ឯកឧត្តម​ចាត់ទុកថា ក្នុងនាម​ប្រធាន​សហព័ន្ធ​ផង ក្នុងនាម​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ​សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​របស់​ក្រុម​បាល់ទះ​កម្ពុជា ដែល​ដណ្តើមបាន​កិត្តិយស​ដ៏​ធំធេង​ជូន​ជាតិ ក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០២២​នេះ​។
​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន ចាត់ទុកថា នេះ​គឺជា​ជោគជ័យ​ដ៏​ធំ​មួយ និង​ជា​ជំហាន​ទី​១ ក្នុង​ប្រវត្តិសាស្ត្រ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម នាពេល​កន្លងមក​។​

​ជាមួយគ្នា​នោះ ឯកឧត្តម​ក៏បាន​ជំរុញ​ឲ្យ​ក្រុម​ជំនាញ​បច្ចេកទេស​សហព័ន្ធ​រៀបចំ​ពង្រឹង​ក្រុម​បាល់ទះ​បុរស​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ជាពិសេស​គឺកំណត់​ជាគោលការណ៍​បង្កើត​ឲ្យ​មាន​ក្រុម​បាល់ទះ​ជម្រើសជាតិ​នារី​ផងដែរ សម្រាប់​ត្រៀមលក្ខណៈ​រៀបចំ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា​។

​ឯកឧត្តម​សង្កត់ធ្ងន់ថា ក្រុម​បាល់ទះ​ជម្រើសជាតិ​នារី​ត្រូវ​រៀបចំ​បង្កើត​ឲ្យ​បាន​ភ្លាមៗ និង​ទាន់ពេលវេលា ដើម្បី​ត្រៀម​ប្រកួត ស៊ី​ហ្គេម ២០២៣ ដោយ​ថ្នាក់ដឹកនាំ​សហព័ន្ធ​នឹង​ផ្តល់​ការគាំទ្រ​គ្រប់បែបយ៉ាង​ទាំងអស់ ដើម្បី​រួមគ្នា​រៀបចំ​ឲ្យ​បាន​ក្រុម​បាល់ទះ​នារី ខណៈ​ទីលាន​ក៏ត្រូវ​បាន​ជំរុញ​ឲ្យ​រៀបចំ​ភ្លាមៗ​ដូចគ្នា​ផងដែរ​។

​ជាមួយគ្នា​នោះ ឯកឧត្តម​ក៏បាន​ប្តេជ្ញាចិត្ត​រួមគ្នា ទាំង​ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ និង​មន្ត្រី​បច្ចេកទេស ដើម្បី​បន្ត​ការកសាង​វិស័យ​កីឡាបាល់ទះ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ២០២៣ ប្រកបដោយ​ក្តីសង្ឃឹម និង​ជឿជាក់​ផងដែរ​។​

​គួររំឭកថា ក្រុម​បាល់ទះ​កម្ពុជា ដែល​ដណ្តើមបាន​មេដាយ​សំរឹទ្ធ ក្នុង​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​ក្រុង​ហាណូយ ប្រទេស​វៀតណាម​នេះ គឺ​ក្រោយពី​បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ ដែលជា​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ៨​ជំនាន់ នៅក្នុង​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​លទ្ធផល ៣​សិត​ទល់​២​សិត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close