ក្រុមកម្ពុជា ហ្វឹកហាត់ត្រៀមប្រកួតមិត្តភាពជាមួយទីម័រខាងកើត មុនពេលប្រកួតជម្រុះ AFC ASIAN CUP
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈុតធំត្រូវបានប្រមូលផ្តុំហ្វឹកហាត់រយៈពេល៣ថ្ងៃហើយ ដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ១៩:00 នាថ្ងៃទី០២ ខែមិថុនា មុនពេលប្រកួតជម្រុះជុំទី៣ ពានរង្វាន់ជើងឯកទ្វីបអាស៊ី (AFC Asian Cup) នៅប្រទេសឥណ្ឌា នាខែមិថុនា ២០២២។
ការប្រមូលផ្តុំហ្វឹកហាត់នេះ ក្រោមការដឹកនាំដោយផ្ទាល់ពីអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda។ ការប្រកួតជម្រុះជុំទី៣ ពូល D នៃ AFC Asian Cup នៅប្រទេសឥណ្ឌានេះ រួមមាន ម្ចាស់ផ្ទះ ឥណ្ឌា ហុងកុង អាហ្វហ្គានីស្ថាន និងកម្ពុជា ដោយក្រុមកម្ពុជាត្រូវប៉ះជាមួយម្ចាស់ផ្ទះ ឥណ្ឌា នាថ្ងៃទី៨ខែមិថុនា, ប៉ះជាមួយក្រុមហុងកុង នាថ្ងៃទី១១មិថុនា និងប៉ះជាមួយក្រុមអាហ្វហ្គានីស្ថាន នាថ្ងៃទី១៤មិថុនា ឆ្នាំ២០២២។
នេះជាការប្រកួតវគ្គចែកពូល (ជុំទី៣) ដែលមាន៦ពូល ក្នុង១ពូលៗមាន៤ក្រុមស្មើៗគ្នា សរុប២៤ក្រុម។ ការប្រកួតជម្រុះនេះ គឺដើម្បីស្វែងរកក្រុមជ័យលាភី ដែលជាក្រុមចំណាត់ថ្នាក់លេខ១ ប្រចាំពូលទាំ៦ (៦ក្រុម) និងក្រុមលេខ២ល្អផ្តាច់គេ ចំនួន៥ក្រុម សរុប១៣ក្រុម ឡើងទៅប្រកួតជម្រុះជុំចុងក្រោយ នាឆ្នាំ២០២៣ នៅប្រទេសចិនជាមួយបេក្ខភាពខ្លាំងៗចំនួន១៣ក្រុមផ្សេងទៀត ប្រចាំទ្វីបអាស៊ី ដែលកំពុងរង់ចាំស្រាប់ (គិតលើលទ្ធផលប្រកួតជម្រុះ FIFA WORLD CUP 2022 កន្លងមក)។
ចំពោះបេក្ខភាពក្រុមខ្លាំងៗចំនួន១៣ក្រុម កំពុងរង់ចាំនៅជុំទី៤ ដែលជាជុំផ្តាច់ព្រ័ត្រ នៅប្រទេសចិននោះ រួមមាន៖ ម្ចាស់ផ្ទះចិន, កូរ៉េខាងត្បូង, ជប៉ុន, អូស្ត្រាលី, អារ៉ាប់រួម, អ៊ីរ៉ាក់, អ៊ីរ៉ង់, លីបង់, ស៊ីរី, អូម៉ង់, អារ៉ាប៊ីសាអូឌីត, កាតា និងវៀតណាម។
គួររំឭកថា ក្រុមជម្រើសជាតិកម្ពុជា ដែលជាបេក្ខភាពប្រកួតនៅក្នុងពូល D ជាមួយក្រុមម្ចាស់ផ្ទះ ឥណ្ឌា ហុងកុង និងអាហ្គានីស្ថាននេះ គឺក្រោយពេលដែលក្រុមកម្ពុជាបានយកឈ្នះក្រុមកោះហ្គាំ ដោយលទ្ធផលសរុបទាំងពីរជើង ៣ទល់១ ក្នុងវគ្គជម្រុះបឋម (Play-Off) កាលពីខែតុលា ឆ្នាំ២០២១ នៅទឹកដីកណ្តាល ប្រទេសបារ៉ែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។