ថ្ងៃនេះ​ ​តុលាការ​ខ្មែរក្រហម​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​ ​០០២​/​០២​ ​លើ​ ​នួន​ ​ជា​ ​និង​ ​ខៀវ​ ​សំ​ផន​

​នៅ​វេលា​ម៉ោង៩​ ​និង៣០នាទី​ ​ព្រឹក​ថ្ងៃទី១៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨នេះ​ ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​ឬ​តុលាការ​ខ្មែរក្រហម​ ​នឹង​ធ្វើការ​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ ​០០២​/​០២​ ​ពាក់ព័ន្ធ​នឹង​ជនជាប់ចោទ​ ​នួន​ ​ជា​ ​និង​ ​ខៀវ​ ​សំ​ផន​ ​អតីត​មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​

​សម្រាប់​សំណុំរឿង​ ​០០២​/​០២​ ​នេះ​ ​នួន​ ​ជា​ ​ដែល​ជា​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា​ ​និង​ ​ខៀវ​ ​សំ​ផន​ ​ដែល​ជា​ប្រមុខរដ្ឋ​ ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​ត្រូវ​បាន​ចោទ​ក្នុង​ការប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ​អំពើ​ប្រល័យ​ពូជសាសន៍​ ​និង​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ ​ពាក់ព័ន្ធ​ទៅ​នឹង​ទីតាំង​ឧក្រិដ្ឋ​កម្ម​ ​និង​ការចោទប្រកាន់​លើ​អង្គហេតុ​ដូចជា​ ​ការដ្ឋាន​ការងារ​ ​និង​សហ​-​ករណ៍​ ​ដូចជា​សហករណ៍​ត្រាំកក់​ ​ការដ្ឋាន​ទំនប់​ត្រពាំង​ថ្ម​ ​ការដ្ឋាន​ទំនប់​ ​១មករា​ ​និង​ការដ្ឋាន​សាង​សង់​ព្រលា​នយន្​ត​ហោះ​កំពង់ឆ្នាំង​,​ ​មន្ទីរ​សន្តិសុខ​ ​និង​ទីតាំង​សម្លាប់​មនុស្ស​ ​ដូចជា​ ​មន្ទីរ​សន្តិសុខ​ ​ស​-​២១​ ​មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់​ ​មន្ទីរ​សន្តិសុខ​អូរ​កន្សែង​ ​និង​មន្ទីរ​សន្តិសុខ​ភ្នំ​ក្រោម​,​ ​អំពី​ប្រល័យ​ពូជសាសន៍​ទៅលើ​ប្រជាជន​ចាម​ ​និង​វៀតណាម​ ​ការប្រព្រឹត្ត​ចំពោះ​ពុទ្ធសាសនិក​ជន​ ​និង​អតីត​មន្រ្តី​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ ​និង​ការ​រៀប​អាពាហ៍​ពិពាហ៍​នៅ​ទូទាំង​ប្រទេស​។​

​អង្គ​ជំនុំជម្រះ​ ​ក៏បាន​បើកសវនាការ​ដេញដោល​ពិនិត្យ​ភ័ស្តុតាង​លើ​ការចោទប្រកាន់​អំពី​លក្ខណៈ​នៃជ​ម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា​ប្រជាធិបតេយ្យ​ ​និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ​តួនាទី​របស់​ជនជាប់ចោទ​នៅក្នុង​រដ្ឋាភិបាល​ ​រួម​ទាំង​ភ័ស្តុតាង​ស្តី​ពី​រចនាសម្ព័ន្ធ​រដ្ឋបាល​ ​និង​ប្រព័ន្ធ​ទំនាក់ទំនង​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។

​សម្រាប់​សំណុំរឿង​ ​០០២​/​០២​ ​នេះ​ ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​បាន​ផ្តើម​ធ្វើ​សេចក្តី​សន្និដ្ឋាន​ចោទប្រកាន់​កាលពី​ថ្ងៃទី១៧​ ​ខែតុលា​ ​ឆ្នាំ២០១៤​ ​និង​បាន​បញ្ចប់​នៅ​ថ្ងៃទី១១​ ​មករា​ ​ឆ្នាំ២០១៧​។​ ​ការ​ជំនុំជម្រះ​ ​រួម​ទាំង​ការ​ស្តាប់​សេចក្តី​សន្និដ្ឋាន​បិទ​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល​ផង​ ​មាន​រយៈពេល​សរុប​ចំនួន២៨៣ថ្ងៃ​។​ ​ក្នុងអំឡុងពេល​សវនាការ​នេះ​ ​អង្គ​ជំនុំជម្រះ​សាលាដំបូង​បាន​ស្តាប់​សក្ខីកម្ម​ពី​បុគ្គល​សរុប​ចំនួន​ ​១៨៥នាក់​ ​ក្នុង​នោះ​មាន​សាក្សី​បញ្ជាក់​អង្គហេតុ​ចំនួន១១៤នាក់​ ​ដើម​បណ្តឹ​ងរ​ដ្ឋ​ប្ប​វេណី​ចំនួន​ ​៦៣នាក់​ ​និង​អ្នកជំនាញ​ចំនួន​ ​៨នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close