សម្តេច ហ៊ុន សែន ណែនាំឲ្យកាត់​ឆ្វៀលតំបន់២ ទៅជាតំបន់១សម្រាប់ឲ្យពលរដ្ឋ​អាស្រ័យផល

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងសារពិសេសស្តីពី «បឹងទន្លេសាប» នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ ក្នុងការថ្លែងសារពិសេស សម្តេច ហ៊ុន សែន បានណែនាំឲ្យ​មានការត្រួតពិនិត្យតំបន់ព្រៃលិចទឹក ជូនទៅប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារដើម្បីឲ្យពួកគេអាចបង្ករបង្កើនផល។

សម្តេច ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរ​នៅតាមតំបន់បឹងទន្លេសាបកាត់ឆ្វៀលដីតំបន់៣ ទៅជាតំបន់​២ សម្រាប់ឲ្យពលរដ្ឋរស់នៅជាអចិន្ត្រៃយ៍ និងកាត់ឆ្វៀល​​​តំបន់​២ ទៅជាតំបន់​​១ ដើម្បីប្រគល់កម្មសិទ្ធិឲ្យទៅប្រជាពលរដ្ឋអាស្រ័យផល ខណៈដែលរដូវធ្វើស្រែឡើងទឹកជិតមកដល់។

សម្តេចតេជោបានរៀបរាប់ដូច្នេះថា «រឿងនេះគឺត្រូវចាំបាច់ ហើយចាប់ផ្តើមធ្វើ​ពីឥឡូវទៅ ពីព្រោះប្រជាពលរដ្ឋត្រូវធ្វើការបង្កបង្កើនផល..។ បើគាត់​មិនធ្វើ ឬធ្វើ​ គឺត្រូវកំណត់ឲ្យបានឆាប់ លឿនកាលណា គឺល្អកាលនោះ។​ខ្ញុំផ្តល់ការអនុញ្ញាតសម្រាប់ប្រជាជនធ្វើ ប៉ុន្តែមិនអនុញ្ញាតឲ្យធ្វើនៅតំបន់​ដីដកហូត​និងកាប់​ទន្ទ្រាន់ថ្មីទេ គឺអនុញ្ញាតឲ្យពលរដ្ឋដែលធ្វើ​​(ស្រែ,ចំការ)​យ៉ាងហោចណាស់​១០ឆ្នាំឡើងលើ ឬតិចជាងហ្នឹង ក្នុងករណី​មិនមែនជាដី​ព្រៃលិចទឹក គឺជាដី​មិន​អាចស្តារបាន»។ ​

ប្រមុខរាជរដ្ឋាភិបាល​កម្ពុជាបានគូសបញ្ជាក់ថា​ដី​ដែល​ពលរដ្ឋ​អាស្រ័យផលកន្លងទៅនេះ គឺជាកម្មវត្ថុដើម្បីផ្តល់ជូនប្រជាពលរដ្ឋ​ដែលកាត់ចេញពីតំបន់៣ ទៅជាតំបន់​២​ សម្រាប់ឲ្យប្រជាពលរដ្ឋមានសិទ្ធិ​កាន់កាប់​​ស្របច្បាប់​ ហើយ​នឹងកាត់ចេញពី​តំបន់២ ទៅជាតំបន់​១ សម្រាប់​ឲ្យ​ពលរដ្ឋអាស្រ័យផល​។

ទាក់ទងនឹងកិច្ចការងារនេះ សម្តេច ហ៊ុន​ សែន បានបញ្ជាឲ្យ​រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវសហការជាមួយ​រដ្ឋមន្ត្រី​ក្រសួងធនធានទឹក និងក្រសួង​កសិកម្ម ​ បន្តការពារ និង​ទប់ស្កាត់​ករណីទន្ទ្រាន​ដីព្រៃលិចទឹក ជាពិសេសត្រូវ​ធ្វើកិច្ចការងារផ្ទេរ​ និងផ្តល់កម្មសិទ្ធិដីព្រៃលិចឲ្យទៅប្រជាពលរដ្ឋដែលអាស្រ័យផល​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close