ក្រុមអ្នក​ទិញផ្ទះ​ល្វែង​ពីលោក លី ហាំងសេង លើក​គ្នា​តវ៉ា​ទាំងយប់ ក្រោយ​គេយកសំណង់ផ្ទះល្វែង​ទៅ​បើក​ជា​បារ ខណៈ​តុលាការ​ចេញ​ដីកា​រក្សា​ការពារ

នៅព្រលប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២២នេះ ក្រុមអ្នក​ទិញ​ផ្ទះ​ល្វែង​តម្លៃ​រាប់សែនដុល្លារ​ពី​​សំណង់ផ្ទះល្វែង លី ហាំងសេង បាន​លើក​គ្នា​ទៅ​ធ្វើការតវ៉ា​នៅ​ទីតាំង​ផ្ទះ​ល្វែង​ផ្ទាល់​ស្ថិត​នៅ​​ភូមិជន្លង់ សង្កាត់សាលា​កំរើក ក្រុង​សៀមរាប ក្រោយ​ពី​ផ្ទះ​ល្វែង​ដែល​ពួកគេ​បានទិញ តែ​មិន​ទាន់សាងសង់រួច ហើយ​ក៏​ត្រូវ​តុលាការ​ចេញ​ដីកា​រក្សា​ការពារ​ផងនោះ ត្រូវ​បាន​កូន​របស់​លោក លី ហាំងសេង យកទៅបើកជា​ភោជនីយដ្ឋាន និង​បារ ហាក់ដូចជាគ្មានរឿងអ្វីកើតឡើងនោះ។

ជាមួយ​គ្នា​នៅ​ព្រលប់ថ្ងៃដដែលនេះ ក្រុមអ្នកទិញផ្ទះល្វែង​ដែលមានគ្នា​ប្រមាណ៨នាក់ ក៏​បាននាំគ្នាផ្តិតមេដៃ ស្នើ​អន្តរាគមន៍​ទៅ​កាន់​ឯកឧត្តមអភិបាល​ខេត្ត​សៀមរាប ជួយ​ដោះ​ស្រាយ​ចំពោះ​ករណីនេះ។

ពាក្យ​បណ្តឹងនោះ​បានលើក​ឡើងថា ឈ្មោះ លី ហាំងសេង និង​ឈ្មោះ អៀង ប៊ួយគង់ ដែល​ជា​ប្រពន្ធ​បាន​លើក​គំរោង​សាងសង់​ផ្ទះ​ល្វែង​លក់​ចំនួន​១០ល្វែង ដែល​មានទីតាំង​ស្ថិត​នៅ​ភូមិ​​ជន្លង់ សង្កាត់សាលា​កំរើក ក្រុងសៀមរាប ។ ក្រោយ​មក​​ពួក​គាត់​ក៏​បានទិញផ្ទះ​ពីអ្នកទាំងពីរ​ខាងលើសរុប​ចំនួន ៨ល្វែង ដោយ​បានចុះ​កិច្ច​សន្យា​ទិញ​លក់​ត្រឹមត្រូវ។

តែ​ក្រោយ​ពី​បានប្រគល់​ប្រាក់​កក់​មួយ​ចំនួនធំ​ឱ្យ​ទៅ​ឈ្មោះ លី ហាំងសេង និងឈ្មោះ អៀង ប៊ួយគង់ តាមកិច្ច​សន្យា​រួចរាល់​មក អ្នកទាំងពីរ​បាន​សង់ត្រឹមតែ​គ្រោង​ផ្ទះ ដោយ​មិន​សាងសង់​ផ្ទះ​ល្វែង​ឱ្យ​រួចជាស្ថាពរដូចក្នុង​កិច្ច​សន្យា ដើម្បីអនុវត្តប្រគល់​ផ្ទះ​ឱ្យ​មក​អ្នកទិញនោះឡើយ ហើយ​ភាគីអ្នកទិញ​ក៏​បានព្យាយាមស្វែង​រក​ដំណោះ​ស្រាយ​ជាច្រើន​លើក​ច្រើន​សារ តែ​ភាគី​ឈ្មោះ លី ហាំងសេង និង​ឈ្មោះ អៀង ប៊ួយគង់ មិន​បានចេញ​មុខ​មក​ដោះ​ស្រាយ​ជាមួយ​ភាគី​អ្នកទិញផ្ទះ​ឡើយ។

យ៉ាងណាក៏ដោយ បើតាម​ឯកសារ​ដែល គេហទំព័រសារព័ត៌មាន​ខ្មែរ៧មករា ទទួលបាន ករណីនេះ ក៏​បាន​ឡើង​ទៅ​ដល់តុលាការ​ហើយ​ដែរ ហើយ​តុលាការ​ក៏​បានចេញ​នូវ​ដីកា​រក្សា​ការពារចំពោះសំណង់ផ្ទះល្វែងនោះថែមទៀត តែ​ស្រាប់តែពេលថ្មីៗនេះ កូនរបស់​ឈ្មោះ លី ហាំងសេង បែរជា​ប្រើប្រាស់​សំណង់ផ្ទះល្វែង​ទាំងនោះ សង់បន្ថែម​ធ្វើ​ជាភោជនីយដ្ឋាន និង​បារ ប្រកបអាជីវកម្ម ដោយ​បំពាន​ទៅ​នឹង​ដីកា​រក្សា​ការពាររបស់តុលាការ។

យ៉ាងណាក៏ដោយ គេ​រំពឹងថា ឯកឧត្តម ទៀ សីហា អភិបាល​ខេត្ត​សៀមរាប ក៏​ដូចជា​សមត្ថភាព​ពាក់ព័ន្ធ នឹង​ជួយ​អន្តរាគមន៍​ចំពោះ​ករណីនេះ ព្រមទាំងស្វែង​រកយុត្តិធម៌​ចំពោះជនរងគ្រោះ ដែល​បាត់បង់​លុយ​អស់រាប់សែនដុល្លារ​ក្នុង​ការ​ទិញ​ផ្ទះល្វែង​​ដែល​មានតែគ្រោង ហើយ​ត្រូវ​បានកូនម្ចាស់គម្រោង​យកទៅ​ធ្វើអាជីវកម្មបន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close