ក្រសួងប្រៃសណីយ៍ ជូនដំណឹងស្តីពី នីតិវិធីស្នើសុំ អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតសេវាបញ្ញើឆាប់រហ័ស
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចេញសេខក្តីជូនដំណឹងស្តីពីនីតិវិធីស្នើសុំ អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតសេវាបញ្ញើឆាប់រហ័ស។
ក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដាក់ដំណើរការនីតិវិធីស្នើសុំអាជ្ញាបណ្ណ ឬស្នើសុំបន្តសុពលភាពរបស់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតតាមប្រព័ន្ធអនឡាញ សម្រាប់ក្រុមហ៊ុន និងសាខាក្រុមហ៊ុនបញ្ញើឆាប់រហ័សដែលមានទីតាំងនៅរាជធានីភ្នំពេញ ដោយអ្នកស្នើសុំ អាចចូលទៅគេហទំព័រ https://service.mptc.gov.kh បន្ទាប់មកប្រើប្រាស់តាម CamdigiKey នៃថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDx ដើម្បីទាញយកឯកសារ ឬបញ្ចូលព័ត៌មានដោយផ្ទាល់។ ដោយឡែក សម្រាប់សាខាបម្រើសេវាបញ្ញើឆាប់រហ័ស ដែលមានទីតាំងនៅតាមបណ្តាខេត្ត សូមធ្វើការស្នើសុំលិខិតអនុញ្ញាតសម្រាប់សាខានៅតាមមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍។
ក្រសួងបានបន្តឱ្យដឹងថាចំពោះតម្លៃអាជ្ញាបណ្ណសម្រាប់ក្រុមហ៊ុនដែលមានសុពលភាព១ឆ្នាំ គឺ ៤.២០០.០០០ (បួនលានពីររយពាន់) រៀល និងតម្លៃលិខិតអនុញ្ញាតសម្រាប់សាខាដែលមានសុពលភាព១ឆ្នាំ គឺ ១.៣០០.០០០ (មួយលានបីរយពាន់) រៀល។ ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថាចំពោះការដាក់ពាក្យស្នើសុំថ្មី គឺបង់ប្រាក់ថ្លៃពិនិត្យពាក្យស្នើសុំចំនួន ២០.០០០ (ម្ភៃពាន់) រៀល។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងអគ្គនាយកដ្ឋានប្រៃសណីយ៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈទូរសព្ទលេខ ០២៣ ២៣៤ ៩៩៩/ ០១២ ៨៨០ ១៦៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។