ក្រសួង​អប់រំ សាទរ​ចំពោះ​ការប្រកួត​អត្តពលកម្ម ជើងឯក​វិទ្យាស្ថាន ខេ​ម​អេ​ដ ប្រចាំឆ្នាំ​២០២២

​លោក ប៉ែន វុទ្ធី ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​សាទរ ចំពោះ​ការខិតខំ​រៀបចំ​ការប្រកួត​កីឡាអត្តពលកម្ម​ជម្រើស​ជើងឯក​វិទ្យាស្ថាន ខេ​ម​អេ​ដ កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​សម្រិតសម្រាំង​រក​ជ័យលាភី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​និស្សិត​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស នា​ថ្ងៃទី​២១-៣០ ខែមិថុនា ឆ្នាំ​២០២២​។​

​ក្នុងនាម​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា និង​ក្នុងនាម​នាយកដ្ឋាន​ជំនាញ លោក ប៉ែន វុទ្ធី ក៏បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោក ខេ​ស៊ី បា​ណេ​ត នាយក​វិទ្យាស្ថាន​ខេ​ម​អេ​ដ ដែល​ខិតខំ​បំផុស​ចលនា​កីឡា នៅក្នុង​វិទ្យាស្ថាន​របស់លោក ជា​រៀងរាល់ឆ្នាំ ដើម្បី​ផ្តល់ឱកាស​ឲ្យ​និស្សិត​របស់ខ្លួន​បាន​លេង​កីឡា ដើម្បី​សុខភាព មិត្តភាព និង​សាមគ្គីភាព ក៏ដូចជា​ផលិត​ធនធាន​ប្រចាំ​វិទ្យាស្ថាន​នេះ​ផងដែរ​។​

​លោក​ចាត់ទុកថា វិទ្យាស្ថាន​ខេ​ម​អេ​ដ​បាន​ខិតខំ​រៀបចំ​ពី​៧​ទៅ​៨​ប្រភេទ​កីឡា ក្នុងនោះ​មាន​ប្រភេទ​កីឡាអត្តពលកម្ម​នេះ ដែល​នេះ​ជាការ​បណ្តុះបណ្តាល​ធនធាន​ឈានមុខ​មួយ នៅក្នុង​ចំណោម​សាកលវិទ្យាល័យ និង​ធ​ម្យ​ម​សិក្សា​បច្ចេកទេស​នានា ដើម្បី​រួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​អប់រំ និង​កីឡា​សម្រាប់​កម្ពុជា​ទៀតផង​។ ក្រៅពីនេះ លោក ខេ​ស៊ី បា​ណេ​ត ក៏បាន​ជួយឧបត្ថម្ភ​ថវិកា ស្មារតី សម្ភារ ដល់​វិស័យ​កីឡា​ចំបាប់ កីឡា​ប្រដាល់សកល និង​ប្រភេទ​កីឡា​មួយចំនួនទៀត​ផងដែរ​។​

​លោក ខេ​ស៊ី បា​ណេ​ត (Cassey Barnett) នាយក​វិទ្យាស្ថាន ខេ​ម​អេ​ដ មានប្រសាសន៍​ដែរ​ថា ខេ​ម​អេ​ដ គឺជា​វិទ្យាស្ថាន​កម្រិត​ឧ​ត្ត​មសិ​ក្សា ហើយ​គោលបំណង​ចម្បង​របស់លោក គឺ​ភាពជោគជ័យ​របស់​និស្សិត​ខេ​ម​អេ​ដ​ទាំងអស់គ្នា សម្រាប់​ជីវិត តាមរយៈ​ការអប់រំ​ផង និង​តាមរយៈ​ការពង្រឹង​សមត្ថភាព​ក្នុង​កីឡា​ទៀតផង​។

​កីឡា​មាន​មេរៀន​ជាច្រើន ដែល​ជំរុញ​ឲ្យ​កីឡាករ កីឡាការិនី ជា​និស្សិត​ទាំងអស់​មាន​ភាពក្លាហាន សុខភាព​ល្អ និង​ឲ្យ​និស្សិត​ទាំងអស់​មាន​គោលដៅ​ជីវិត​ច្បាស់លាស់ ហើយ​ការលេង​កីឡា​នេះ​គឺជា​ការរួមចំណែក​ដ៏​សំខាន់ ក្នុងការ​ជំរុញ​បន្ថែម​ឲ្យ​និស្សិត​គ្រប់រូប​ឲ្យ​រីករាយ ការបណ្តុះ​ស្មារតី​លើ​មាគ៌ា​ឆ្ពោះទៅ​សម្រេចបាន​នូវ​គោលដៅ​សម្រាប់​ជីវិត​របស់ខ្លួន​។​

​នាយក​វិទ្យាស្ថាន​ខេ​ម​អេ​ដ​បាន​បន្ថែមទៀតថា ការប្រកួតប្រជែង​នឹង​ជួយ​ធ្វើ​ឲ្យ​យើង​មាន​សក្តានុពល​កាន់តែ​ខ្ពស់​រួមជាមួយ​នឹង​ការ​ដុសខាត់​សមត្ថភាព​ខ្លួនឯង​ឲ្យ​កាន់តែខ្លាំង​ក្លា​ផងដែរ​។ ដូច្នេះហើយ ការប្រកួត​កីឡា​ជាការ​លើកទឹកចិត្ត​ខ្លួនឯង ក្នុងការ​ពង្រឹង​ភាពជឿជាក់​ខ្លួនឯង​។

លោក ខេ​ស៊ី បា​ណេ​ត បាន​កោតសរសើរ​ចំពោះ​ការខិតខំ​ចូលរួម​ប្រកួត​អស់ពី​សមត្ថភាព​របស់​កីឡាករ កីឡាការិនី​រហូតដល់​ត្រូវបាន​គណៈកម្មការ​បច្ចេក​ទេស​នៃ​សហព័ន្ធ អត្តពលកម្ម​ស្ម័គ្រ​ចិត្តបាន​រកឃើញ​នូវ​ម្ចាស់​ជ័យលាភី​លើ​គ្រប់​វិញ្ញាសា​ទាំងអស់​។​

​គួរ​បញ្ជាក់ថា ការប្រកួត​កីឡាអត្តពលកម្ម​ជ្រើសរើស​ជើងឯក​វិទ្យាស្ថាន ខេ​ម​អេ​ដ ឆ្នាំ​២០២២​នេះ​មាន​កីឡាករ កីឡាការិនី​ជា​និស្សិត​របស់ខ្លួន​ចូលរួម​ប្រកួត​ចំនួន ២០០​នាក់ ដែល​ប្រកួត​លើ​៨​វិញ្ញាសា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close