កូនខ្មែរ បញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាមេរិក ជីដូនយកខ្សែគោ និងក្រមា ទៅធ្វើជាកាដូនៅថ្ងៃទទួលសញ្ញាបត្រ

យុវជនកម្ពុជាមួយរូប គឺលោក ពេជ្រ មូន បានបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាមេរិក ហើយ​អ្វី​ដែលធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើលនោះ គឺជីដូនរបស់លោក​បាន​នាំយកខ្សែគោ និងក្រមា ដែល​លោក ពេជ្រ មូន ធ្លាប់​ប្រើប្រាស់​ជា​ប្រចាំកាលពីកុមារភាព ពីស្រុកខ្មែរ យក​ទៅធ្វើជា​កាដូដើម្បីជូនចៅប្រុសក្នុងថ្ងៃពិសេសបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាមេរិក។

ពិធីប្រគល់សញ្ញាបត្រពីបណ្ឌិតសភាយោធាអាម៉េរិក ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅ ក្រោមអធិបតីភាពរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក។

យោងតាមផេកផ្លូវការរបស់លោក ពេជ្រ មូន បានសរសេរថា៖ «ខ្ញុំតែងប្រើវាសម្រាប់ជាថ្នក់ដាក់បាយ ទឹក និងសៀវភៅនៅពេលទៅឃ្វាលគោពេលរស់នៅឯស្រុកកំណើត។ ភាគច្រើននៅក្នុងថ្នក់បាយ មានតែបាយ និងអំបិល ដែលលោកយាយខ្ចប់ឱ្យប៉ុណ្ណោះ។ ពេលនេះលោកយាយ បានយកខ្សែគោ និងក្រមាចាស់នេះ ធ្វើជាកាដូសម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់ខ្ញុំពីបណ្ឌិតសភាយោធាអាម៉េរិក»។

លោក ពេជ្រ មូន បានបន្តថា៖ «គាត់បានប្រាប់ខ្ញុំថាគាត់រក្សាទុក ព្រោះពេលនឹកចៅម្ដងៗ យាយយកវាមកមើលដើម្បីកុំឱ្យនឹកចៅពេក។ លោកយាយបន្តទៀតថា ពេលនេះយាយប្រគល់វាឱ្យចៅវិញហើយ ទោះទៅដល់ទីណាសូមចៅកុំភ្លេចកំណើតរបស់ខ្លួនដែលធ្លាប់ជាក្មេងឃ្វាលគោឱ្យសោះ»។

លោកបានរៀបរាប់ថា រូបគាត់ស្ទើរស្រក់ទឹកភ្នែកពេលដែលអ្នកមានគុណបីបាច់ថែរក្សា តាំងពីទើបកើតរហូតធំពេញវ័យមានប្រសាសន៍បែបនេះ។ យុវជនពេជ្រ មូន ចាត់ទុករង្វាន់ខ្សែគោ និងក្រមានេះ ជាកាដូដ៏មានតម្លៃបំផុតក្នុងជីវិតរបស់លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close