អ៊ុយក្រែន ទទួលបានជំនួយហិរញ្ញវត្ថសរុបជាង ៦ពាន់លានដុល្លារពីលោកខាងលិច
គិតចាប់ពីសង្គ្រាមជាមួយរុស្ស៉ីផ្ទុះឡើង នៃធនាគារជាតិរបស់ប្រទេសអ៊ុយក្រែន លោកស្រី Kateryna Rozhkova បានឱ្យដឹងកាលពីថ្ងៃអាទិត្យកន្លងទៅថា រដ្ឋាភិបាលទីក្រុងកៀវទទួលបានជំនួយហិរញ្ញវត្ថុសរុប ៦.៥ពាន់លានដុល្លារអាមេរិក ពីសំណាក់ក្រុមប្រទេសលោកខាងលិច គិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ីបានចាប់ផ្តើម កាលពីចុងខែកុម្ភៈ។
លោកស្រី Rozhkova បានបន្ថែមថា ជំនួយទាំងនេះ ត្រូវបានផ្ទេរចូលទៅក្នុង កញ្ចប់ថវិកាជាតិអ៊ុយក្រែន រួចរាល់អស់ហើយ។ ក្នុងជំនួយសរុបនោះ គឺរួមមានទាំងជំនួយឥតសំណង ហើយនិងកញ្ចី ប៉ុន្តែលោកស្រីទេសាភិបាលរង ពុំបានបញ្ជាក់ឱ្យច្បាស់ថា ថវិកាចំនួនប៉ុន្មាន ដែលទីក្រុងកៀវនឹងបង់សងទៅគេវិញនោះឡើយ។
គួរបញ្ជាក់ថា បើតាមលោកស្រី Rozhkova អ៊ុយក្រែនត្រូវការជំនួយហិរញ្ញវត្ថុយ៉ាងហោច ៥ពាន់លានដុល្លារក្នុងមួយខែៗ ដើម្បីទប់ទល់នឹងបញ្ហាឱនភាពកញ្ចប់ថវិកា នៅចំពោះមុខវិបត្តិបច្ចុប្បន្ន។ កាលពីខែមេសា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានអះអាងដែរថា ប្រទេសរបស់លោក បានទទួលរងការខូចខាតគិតជាទំហំទឹកប្រាក់ស្មើនឹង ពាក់កណ្តាលកន្លះទ្រីលានដុល្លារទៅហើយ និងត្រូវការជំនួយហិរញ្ញវត្ថុខ្ទង់ ៧ពាន់លានដុល្លារជារៀងរាល់ខែ។
កាលពីឆ្នាំមុន GDP របស់អ៊ុយក្រែន មានទំហំប្រហែល ១៦៥ពាន់លានដុល្លារ ប៉ុន្តែអាជ្ញាធរអ៊ុយក្រែនបាននិយាយថា វាបានធ្លាក់ចុះចន្លោះ៣០-៥០ភាគរយរួចទៅហើយ កំលុងការឈ្លានពានរបស់រុស្ស៉ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។