កម្ពុជា រំពឹង​ពី​កំណើន​ទេសចរ​អន្តរជាតិ តាម​ច្រករបៀង​ខាងត្បូង​ជាមួយ​វៀតណាម និង​ថៃ​

​កែប​៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានលើកឡើង​អំពី​ការរំពឹង​នូវ​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ តាម​ច្រករបៀង​ខាងត្បូង​ជាមួយ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ក្រោយ​ការសម្រួល​ឱ្យមាន​ការធ្វើដំណើរ​ងាយ​ស្រួល​ជាង​មុន សម្រាប់​ភ្ញៀវទេសចរ​។​

​ការ​ថ្លែង​បែបនេះ របស់​ឯកឧត្ដម​រដ្ឋ​មន្ត្រី ថោង ខុន ត្រូវបាន​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ ស្ដីពី​បទដ្ឋាន​គតិយុត្ត​នានា ក្នុងការ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ នា​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២២ នៅ​សាលាខេត្ត​កែប​។​

​នាឱកាស​នោះ ឯកឧត្ដម ថោង ខុន បានឱ្យដឹងថា ការរៀបចំ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​ឱ្យបាន​ត្រឹមត្រូវ គឺ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​កាន់តែច្រើន​ឡើង​។ ឯកឧត្ដម បានលើកឡើង​នូវ​ចំណុច​សំខាន់​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុង​បរិបទ​វិបត្តិ​សកល​នេះ គឺ​តំបន់ឆ្នេរ​បាន​ទាក់ទាញ​ទេសចរ​ផ្ទៃក្នុង​យ៉ាងច្រើន​។​

​ឯកឧត្ដម​បាន​បន្តថា កម្ពុជា​ក៏មាន​កិច្ចសហប្រតិបត្តិការ​ជំរុញ​ចលនា​ភ្ញៀវទេសចរ​តាម​តំបន់ឆ្នេរ​ជាមួយ​ប្រទេស​ជិត មាន​វៀតណាម និង​ថៃ បន្ទាប់ពី​ប្រទេស​ទាំងនេះ​បើក​ឱ្យមាន​ការធ្វើដំណើរ​សម្រាប់​ភ្ញៀវទេសចរ​ឡើងវិញ​។​ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​នៅក្នុង​តំបន់ឆ្នេរ​របស់​យើង ក៏មាន​ការអភិវឌ្ឍ​ក្នុង​ក្របខណ្ឌ Southern Corridor របៀង​ខាងត្បូង​ដែល​ជាប់​ជាមួយ​វៀតណាម និង​ថៃ​»​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ប្រសិនបើ​អភិវឌ្ឍ​ខេត្តកំពត ខេត្ត​កែប​បានល្អ នោះ​កម្ពុជា​នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​ប្រទេស​វៀតណាម​បាន​ច្រើន តាមរយៈ​ការតភ្ជាប់​ផ្លូវ​ធ្វើដំណើរ​ចេញពី​ច្រកព្រំដែន នាវា​ល្បឿន​លឿន​ភ្ជាប់​គោលដៅ​ទេសចរណ៍​ពី​កោះត្រល់ (​ហ្វូ​គុក​) មក​កំពង់ផែ​ខេត្តកំពត និង​កំពង់ផែ​ខេត្ត​កែប​។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរ​មកពី​ប្រទេស​ថៃ​ក៏​អាចធ្វើ​ដំណើរ​មក​តាម​ភាគខាងត្បូង​ចូលមក​តាម​ខេត្តកោះកុង​បន្ត​មក​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ផ្សេងទៀត​តាម​តំបន់ឆ្នេរ ក៏ដូចជា​តំបន់​អេកូ​ទេសចរណ៍​ផងដែរ​។

​ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏បាន​រំលឹក​អំពី​ការពង្រឹង​គុណភាព​សេវា និង​តម្លៃ​ឱ្យបាន​សមរម្យ ព្រម​ជាមួយនឹង​ការរៀបចំ​ពង្រឹង​សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន តាម​តំបន់ឆ្នេរ​ឱ្យ​យ​កាន់តែ​ល្អប្រសើរ​បង្កើតឱ្យមាន​ផលិតផល​ទេសចរណ៍​ថ្មី ដ៏​ទាក់ទាញ​ឱ្យបាន​ច្រើន​។​

​គួរ​ជម្រាប​ថា កម្ពុជា វៀតណាម និង​ថៃ​បានដាក់​ចេញរួច​មកហើយ​នូវ​កិច្ចសហប្រតិបត្តិការ​ច្រករបៀង​សេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ ឬ​ហៅថា CVTEC (Cambodia Vietnam Thailand Economic Corridor) ក្នុងនោះ​ក៏មាន​ការជំរុញ​ចលនា​ភ្ញៀវទេសចរ​ពីគ្នា​ទៅវិញទៅមក​ផងដែរ ខណៈ​ខេត្ត​-​ក្រុង​ដែល​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ CVTEC នេះ រួមមាន ខេត្ត​ជល​បុរី ខេត្តរ​យ៉ង ខេត្ត​ចន្ទ​បុរី ខេត្ត​ត្រាត ខេត្តកោះកុង ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្ត​កែប ខេត្ត​គៀង​យ៉ាង និង​ទីក្រុង​កាន់​ថឺ​រ​ជាដើម​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បានលើកឡើង​បន្តថា ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នៅ​ទូទាំង​សកលលោក ព្រមទាំង​វិបត្តិ​សង្គ្រាម​រុ​ស្ស៉ី​-​អ៊ុយ​ក្រែ​ន និង​វិបត្តិ​ប្រេង​ឡើងថ្លៃ​ផង​នោះ ប្រទេស​ជា​សមាជិក​អាស៊ាន​មានតែ​ខិតខំ​ទាក់ទាញ​ភ្ញៀវ​ពីគ្នា​ទៅវិញទៅមក​ក្នុង​តំបន់​នោះទេ ពិសេស​ទេសចរ​ពី​ប្រទេសជិតខាង ទាំង​ផ្លូវគោក ផ្លូវអាកាស និង​ផ្លូវទឹក​។​

​ដើម្បីឱ្យ​ផែនការ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឡើងវិញ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាស​បើក​ប្រទេស​ឡើងវិញ​បន្ទាប់ពី​ពង្រឹង​សុខមាលភាព​ក្នុងប្រទេស​បាន​រឹងមាំ និង​បាន​ជំ​រុញឱ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​បើក​ទេសចរណ៍​ឡើងវិញ​ជា​បណ្ដើរៗ ដែល​ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អាស៊ាន ២០២២ (ATF 2022) នៅ​ខេត្ត​ព្រះសីហនុ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២២ កន្លងទៅ​។ នេះ​បើតាម​លោក​បញ្ជាក់បន្ថែម​របស់​ឯកឧត្ដម ថោង ខុន​។​

​ជាមួយគ្នា​នោះ រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍​ក៏បាន​ខិតខំ​ជំរុញ​ចលនា​ទេសចរ​ផ្ទៃក្នុង​ឱ្យមាន​កំណើន​ឡើងវិញ ដើម្បី​ស្ដារ​និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ជាតិ​ឡើងវិញ ហើយ​នេះ​ក៏​ជា​បុ​រេ​សកម្ម​ក្នុងការ​ទាក់ទាញ និង​ត្រៀមខ្លួន​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​ឡើងវិញ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close