បេក្ខជនឈរឈ្មោះក្រុមប្រឹក្សា​ឃុំសង្កាត់គណបក្សភ្លើងទៀន ៤រូបនៅខេត្តកំពង់ចាម ដាក់ពាក្យលាលែង

បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សភ្លើងទៀន ចំនួន៤រូប នៅស្រុកព្រៃឈរ និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានសម្រេចចិត្តដាក់ពាក្យលាលែងពីគណបក្សនយោបាយមួយនេះ ។

ក្នុងពាក្យសុំលាលែងដែលទទួលបាននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ ពួកគាត់ទាំង៤នាក់ ក្រៅពីការលាលែងពីបេក្ខជនឈរឈ្មោះ ក៏បានសុំលាលែងពីសមាជិកគណបក្សភ្លើងទៀនតែម្ដង ។

អតីតសមាជិកគណបក្សភ្លើងទៀនទាំង៤នាក់នោះរួមមាន៖

ទី១៖ លោក ស្រេង ស្រៀន នៅឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បេក្ខជនពេញសិទ្ធិលេខរៀងទី៥

ទី២៖ លោក ជា សុខអេង នៅឃុំព្រែកអាជី ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បេក្ខជនពេញសិទ្ធិលេខរៀងទី១១

ទី៣៖ លោក ជា សំហៀង នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បេក្ខជនពេញសិទ្ធិលេខរៀងទី៨

ទី៤៖ លោក ផាត ផល នៅឃុំព្រែកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បេក្ខជនពេញសិទ្ធិលេខរៀងទី១១។

ការដាក់ពាក្យសុំលាលែងពីសមាជិក និងបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ពីគណបក្សភ្លើងទៀននៅពេលនេះ ក្រោយពីពួកគាត់អស់ជំនឿ និងយល់ថា ការបន្ដរួមរស់ជាមួយគណបក្សនយោបាយមួយនេះ មិនមានអ្វីដែលជាផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជននោះឡើយ ។

ពួកគាត់បានបន្ថែមថាការសម្រេចចិត្តចាកចេញនេះ ក៏ដោយសារផ្ទៃក្នុងបក្សមានភាពអាណាធិបតេយ្យក្នុងការដឹកនាំ និងមានភាពមិនច្បាស់លាស់ក្នុងការតែងតាំងរៀបឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត ។ ប៉ុន្ដែពួកគាត់មិនទាន់បានសម្រេចចិត្តថា ទៅរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ឬគណបក្សនយោបាយណាមួយនោះដែរ។

សូមជម្រាបថា មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងឈានចូលមកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ បេក្ខជន និងសមាជិករបស់គណបក្សភ្លើងទៀន បានដាក់ពាក្យសុំលាលែង និងចាកចេញពីគណបក្សនេះជាបន្ដបន្ទាប់ ហើយភាគច្រើនបានដាក់ពាក្យសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត និងដឹកនាំប្រទេសទទួលបានភាពរីកចម្រើន អភិវឌ្ឍន៍ជាបន្ដបន្ទាប់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close