ទិវាកុមារអន្តរជាតិ ១មិថុនា, កម្ពុជាកំពុងអនុវត្តសិទ្ធិចម្បងសម្រាប់កុមារ គឺសិទ្ធិរស់រានមានជីវិត តាមរយៈការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ដល់កុមារអាយុចាប់ពី៣ឆ្នាំឡើង
តាមរយៈសារលិខិតក្នុងឱកាសខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២១ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២២ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណា ចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាយើងមិនបានរៀបចំប្រារព្ធមីទ្ទិញអបអរសាទរដល់ក្មួយៗ ចៅៗ ជាទីស្រឡាញ់ រាប់អានរយៈពេល៣ឆ្នាំជាប់គ្នា គឺឆ្នាំ២០២០ ២០២១ និងឆ្នាំ២០២២។ តែទោះជាយ៉ាង ណាក៏ដោយ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ក៏មិនដែលបំភ្លេចថ្ងៃជាប្រវត្តិសាស្ត្ររបស់ក្មួយៗ ចៅៗដែរ។
សម្តេចតេជោ បន្តទៀតថា បើទោះបីជាឆ្នាំនេះ រាជរដ្ឋាភិ បាលកម្ពុជាអាក់ខានមិនបានរៀបចំប្រារព្ធទិវាកុមារអន្តរជាតិឱ្យបានអធិកអធមយ៉ាងណាក្តី ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ កម្ពុជាយើងបាននិងកំពុងអនុវត្តសិទ្ធិចម្បងមួយដែលធំដំបូងបំផុត គឺសិទ្ធិរស់រាន មានជីវិត តាមរយៈការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារដែលមានអាយុចាប់ពី ៣ឆ្នាំឡើង ដែលយើងអាច បង្ការការឆ្លងរីករាលដាលជាទ្រង់ទ្រាយធំ ជាពិសេស ក្នុង ចំណោមប្រទេសសមាជិកទាំង១០ របស់សមាគម អាស៊ាន កម្ពុជាយើងជាប្រទេសដែលទទួលបានចំណាត់ថ្នាក់ល្អជាងគេសម្រាប់អត្រាស្លាប់ និងឆ្លងតិចជាងគេ។ ស្របជាមួយគ្នានោះដែរ យើងបានជួយអន្តរាគមន៍សម្រាប់ដល់គ្រួសារកុមារក្រីក្រ តាមរយៈការផ្តល់សាច់ប្រាក់ មានអត្រាខ្ពស់ជាងគេ ដោយជួយដល់កុមារបានចំនួនជាង៦០ម៉ឺននាក់។ លើសពីនេះទៅទៀត កន្លងមក យើងបានអនុវត្តនូវការងារយុទ្ធសាស្ត្រមួយចំនួនក្នុងការលើកកម្ពស់ និងជំរុញការអនុវត្តសិទ្ធិកុមារអនុលោម តាមអនុសញ្ញាស្តីពីសិទ្ធិកុមារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញជាធរមាន រួមមាន លើក កម្ពស់ការអនុវត្តកិច្ចការពារកុមារលើគ្រប់វិស័យ ទាំងតាមប្រព័ន្ធអនឡាញនិងដោយផ្ទាល់ ជំរុញការចូលរួមរបស់កុមារនៅគ្រប់លំដាប់ថ្នាក់ ព្រមទាំងបង្កើនសិទ្ធិក្នុងការអភិវឌ្ឍ តាមរយៈការសិក្សាបែបឌីជីថល (E-learning)។ ហើយថ្មីៗនេះ កម្ពុជាយើងក៏បានចូលរួមជជែកពិភាក្សាដេញដោលថ្នាក់អន្តរជាតិសម្រាប់ការអនុវត្ត សិទ្ធិរបស់ក្មួយៗ ៗផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។