ក្រុមហ៊ុន​ចំនួន ៤​បន្ថែមទៀត បោះទុន​ជាង ១៨​លាន​ដុល្លារ បើក​ដំណើរការ​នៅ​កម្ពុជា

ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ឲ្យ​ហ៊ុន​ចំនួន ៤​បន្ថែមទៀត បើក​ដំណើរការ ក្នុង​ទុនវិនិយោគ​សរុប​ជាង ១៨​លាន​ដុល្លារ និង​បានផ្តល់​ការងារ​រាប់ពាន់​កន្លែង​ផងដែរ​។​

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១. KING SUCCESS CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និង​ចាក់​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​លេខ​៣ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៩៦៨​កន្លែង​។​

២. MATEWE BAG & CASE (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ទុនវិនិយោគ​ប្រមាណ ៤,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.២៨២​កន្លែង​។​

៣. SINOPROUD APPAREL (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​លេខ​១១៥ ភូមិ​ព្រែ​ករាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៣,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.២១៥​កន្លែង​។​

៤. JI SHUN YUAN (CAMBODIA) GARMENT CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទ្រាំ​៤ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥២៥​កន្លែង​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close