អធិការនគរបាលក្រុងដូនកែវ ដែលវាយភរិយា ត្រូវស្នងការខេត្តតាកែវដាក់ពិន័យ
ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចាត់វិធានការផ្អាកការងារមន្ត្រីអធិការនគរបាលក្រុងដូនកែវ លោក ឆាយ សាវុធ ក្រោយហេតុការណ៍ប្រើអំពើហិង្សាវាយដំមកលើភរិយារបស់ខ្លួន។
ការចាត់វិធានការជាបន្ទាន់នេះ ក្រោយអ្នកស្រី ពៅ សុភាព ដែលជាភរិយាមន្ត្រីអធិការនគរបាលក្រុងដូនកែវនោះ បានបង្ហោះរូបភាពអំពើហិង្សារបស់លោកវរសេនីយ៍ឯក ឆាយ សាវុធ ជាប្តី ដែលបានវាយភរិយារបស់ខ្លួនឯង ក្នុងពេលដែលភរិយាបានតាមទាន់នូវ អំពើផិតក្បត់ កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៥វិច្ឆិកា។ លោកវរសេនីយ៍ ឯក ឆាយ សាវុធ បានទះកំភ្លៀងភរិយារបស់ខ្លួនឯង នៅចំពោះមុខស្រីស្នេហ៍បណ្តាលអោយមានស្នាមរបួស នៅ លើមុខ។
លោកវរសេនីយ៍ឯក ឆាយ សាវុធ បានសារភាពថា លោកពិតជាបានទះកំភ្លៀងភរិយារបស់ខ្លួនឯងពិតមែន ក្រោមមូលហេតុថាភរិយារបស់លោកបានបើករថយន្ត បុកពីក្រោយរថយន្តលោកបណ្តាលអោយរថយន្តខូចខាត។
ក្រោយការបង្ហោះរូបភាព អគ្គស្នងការនគរបាលជាតិ បានប្រញាប់ដាក់បញ្ជា៣ចំណុចទៅស្នងការនគរបាលខេត្តតាកែវ។ ដោយបទបញ្ជាទាំង៣ រួមមាន ១/ សូមផ្អាកការងារអធិការនគរបាលរូបនេះសិន ដើម្បីធ្វើការស៊ើបអង្កេត។ ២/ ពិនិត្យ អង្គហេតុនិងធ្វើការសម្រុះសម្រួលជាមួយ នឹងក្រុមគ្រួសារ។ បើសិនជាសម្របសម្រួលមិនបានទេ ត្រូវ កសាង សំណុំរឿងនិងបញ្ជូនទៅតុលាការ។ និងទី ៣/ ត្រូវអនុវត្តវិន័យកងកម្លាំងនគរបាលដោយចេញលិខិតព្រមាន ផ្អាកការងារអធិការនគរបាលរួបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។