ក្រសួង​អប់រំ ប្រគល់​កុំព្យូទ័រ​យួរដៃ​ជូន​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ហ៊ុន សែន ជម្ពូ​វ័ន​

​ភ្នំពេញ​៖ កុំព្យូទ័រ​យួរដៃ​ចំនួន ៥០​គ្រឿង​ដែលជា​ជំនួយ​ឧបត្ថម្ភ របស់​អង្គការ​ក្រុមការងារ​កម្ពុជា​ដើម្បី​ការអប់រំ (CTEP) សហការ​ជាមួយ​នាយកដ្ឋាន​តម្រង់ទិស​វិជ្ជាជីវៈ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូ​បាន​ប្រគល់ជូន​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស ហ៊ុន សែន ជម្ពូ​វ័ន ក្នុងការ​អនុវត្ត​គម្រោង​លើកកម្ពស់​ការអប់រំ សរសេរ​កូដ​នៅក្នុង​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស នៅ​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២២​។

​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ​ក្រសួង តំណាង​អង្គការ បុគ្គលិក​សិក្សា លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ជាច្រើន​នាក់​ផងដែរ​។

​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​ក្រុមការងារ​កម្ពុជា​ដើម្បី​ការអប់រំ (CTEP) ដែល​បានផ្ដល់​កុំព្យូទ័រ​ដល់​គ្រឹះស្ថានសិក្សា ទាំង​ផ្នែក​ចំណេះ​ទូទៅ និង​អប់រំ​បច្ចេកទេស​សម្រាប់​សិស្សានុសិស្ស​អាច​សិក្សា​ប្រតិបត្តិ​បាន​ដោយផ្ទាល់ និង​បាន​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​នាយកដ្ឋាន​តម្រង់ទិស​វិជ្ជាជីវៈ​ក្នុងការ​អនុវត្ត​នូវ​ការសរសេរ​កូដ (Scratch) នៅតាម​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស ដែល​អាចជួយ​ដល់​សិស្សានុសិស្ស​លើ​ការជំរុញ​ការគិត បណ្ដុះ​នូវ​ការរៀបចំ​ផែនការ ដើម្បី​ទទួលបាន​លទ្ធផល​តាម​ការគ្រោងទុក សិក្សា​បែប​លក្ខណៈ​ស្ទែ​ម (STEM)​។

​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ​បាន​បញ្ជាក់ថា ដោយ​យល់ឃើញថា​ការបង្កើតឱ្យមាន​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​មាន​សារៈសំខាន់ ក្នុងការ​បណ្ដុះបណ្ដាល​ដ​ល់​យុវជន​យើង​នូវ​ជំនាញ​បច្ចេកទេស​ផ្សេងៗ ដែលមាន​តម្រូវការ​នៅក្នុង​ទីផ្សារ ដូចនេះ​ជា​ទិសដៅ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវបង្កើត​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ឱ្យបាន​មួយ​ក្នុង​មួយ​ខេត្ត និង​ត្រូវ​ទាមទារ​ឱ្យ​យុវជន​ម្នាក់​ត្រូវមាន​ជំនាញ​មួយ​យ៉ាងតិច​។ បន្ទាប់មក​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ​រដ្ឋមន្ត្រី បាន​ទស្សនា​ការតាំង​ផលិតផល​ស្នាដៃ​សិស្ស​ផ្នែក​អប់រំ​បច្ចេកទេស​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close