ព្រះសង្ឃនិងពុទ្ធបរិស័ទ៥២អង្គនាក់ ពុលអាហារក្នុងវត្តសំរោងលើ ជាវត្តដាច់ស្រយាលមួយក្នុងស្រុកគាស់ក្រឡ

បាត់ដំបង – ព្រះសង្ឃ គណកម្មការវត្តសំរោងលើ ស្ថិតនៅ ភូមិសំរោង ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលជាវត្តដាច់ស្រយាលជាប់ជើងភ្នំមួយនិងពុទ្ធបរិស័ទចំណុះជើងវត្ត ប្រមាណ៥២អង្គនាក់ បានពុលអាហារ ដែលពុទ្ធបរិស័ទ បានយកទៅប្រគេនព្រះសង្ឃក្នុងថ្ងៃសីល ទី៣០ខែឧសភា ឆ្នាំ ២០២២ ។

លោក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានឲ្យដឹងថា ក្នុងចំណោមអ្នកពុលអាហារ ទាំង៥២អង្គនាក់នេះ មានស្រ្តី៣០នាក់ ដែលក្នុងនោះមានព្រះសង្ឃ៥អង្គ ក្មេង៣នាក់ និង អាចារ្យគណកម្មាធិការវត្តនិងពុទ្ធបរិស័ទ៤៤នាក់ ។ អ្នកពុលអាហារទាំងនេះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព៦នាក់ បញ្ជូនទៅសង្គ្រោះនៅពេទ្យឯកជន១៥នាក់ និងបញ្ជូនទៅមន្ទីរពេទ្យបង្អែកមោងឬស្សី ៣១នាក់ ដែលក្នុងនោះមានព្រះសង្ឃ៤អង្គ, កុមារាម្នាក់និង កុមារី ម្នាក់ផង ។

លោក ប៉ាង ហៀងបានឲ្យដឹងពីមូលហេតុនៃការពុលនេះ ដោយសារតែថ្ងៃកើតហេតុជាថ្ងៃសីល ពុទ្ធបរិស័ទជាង២០នាក់ បានយក ចង្ហាន់ទៅប្រគេនដល់ព្រះសង្ឍនៅទីនោះ​ ហើយអ្នកដែលពុលអាហារ ទាំងនេះសុទ្ធតែទទួលទាននិងឆាន់បាញ់ហយ ។ លោកបន្ថែមថា អ្នកដែលទទួលទានបាញ់ហយនិងបន្លែច្រើនគឺ ក្អួតចង្អោរខ្លាំងជាងគេ ដូច្នេះអាជ្ញាធរនិង មន្រ្តីជំនាញសន្និដ្ឋាន ជំហានដំបូងថា អាចមកពី ពុលបាញ់ហយជាមួយបន្លែ ។

ទោះបីយ៉ាងណាលោកអធិការបញ្ញាក់ថា ក្រោយការពុលអាហារភ្លាមៗ អាជ្ញាធរបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។មកទល់យប់ថ្ងៃទី៣០ខែឧសភា អ្នកពុលអាហារទាំង៥២អង្គ/នាក់ បានធូរស្បើយហើយៗមិនទាន់មានគ្រោះថ្នាក់ដល់អាយុជីវិត នោះទេ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close