ករណី​ពុល​អាហារ​ជាង ៥០​នាក់ នៅ​ស្រុក​គាស់ក្រឡ សមត្ថកិច្ច​កំពុង​ចុះ​ស្រាវជ្រាវ​!

​ខេត្តបាត់ដំបង​៖ នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២២ មន្ត្រី​ស៊ើបអង្កេត​នៃ​សាខា ក​.​ប​.​ប ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ បាន​នាំយក​រថយន្ត​ពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ ចុះ​ស្រាវជ្រាវ​ករណី​ពុល​អាហារ​ដែល​កើតឡើង​នៅក្នុង​វត្ត​សំរោង​លើ ភូមិ​សំរោង ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។ ការចុះ​ស្រាវជ្រាវ​នេះ ក៏មាន​ការចូល​រួមសហកា​រ​ពី​កំលាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រដ្ឋបាល​ស្រុក និង​កំលាំង​អធិការនគរបាល​ស្រុក​គាស់ក្រឡ​ផងដែរ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២២ មាន​ព្រះសង្ឃ ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ​ចំនួន​៥២ អង្គ​/​នាក់ (​ក្នុងនោះ​មាន​ព្រះសង្ឃ​០៥​អង្គ​) មាន​អាកា​រៈ​ចុកពោះ ក្អួតចង្អោរ និង​រាគរូស ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្លាមៗ បន្ទាប់ពី​បាន​ឆាន់​និង​បរិភោគ​បាញ់ហយ ដែល​ពុទ្ធបរិស័ទ​យកទៅ​ប្រគេន​និង​ជូន​។

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ មន្ត្រី​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. សាខា​ខេត្តបាត់ដំបង​និង​ខេត្តបន្ទាយមានជ័យ ដោយមាន​កិច្ចសហការ​ពី​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ស្រាវជ្រាវ​ជាបន្ទាន់ ដើម្បី​រក​មូល​ហេតុដែល​បណ្តាលឱ្យមាន​ការពុល​នេះ​។​

​យោង​លទ្ធផល​វិភាគ​បឋម​ដោយ​រថយន្ត​មន្ទីរពិសោធន​ន៍​ចល័ត ទៅលើ​គំរូ​អាហារ​ដែល​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ឆាន់​និង​បរិភោគ បានបង្ហាញ​ឱ្យឃើញថា​៖ គំរូ​ទឹកត្រី​ជ្រលក់ (​ទឹកត្រី​បាញ់ហយ​) ត្រូវបាន​រកឃើញ​វិជ្ជមាន​សារធាតុ Salicylic Acid​។​

​តាម​លទ្ធផល​ខាងលើ​មន្ត្រី​ស៊ើបអង្កេត​នឹង​បន្ត​នីតិវិធី​វិភាគ និង​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​វត្តមាន​សារធាតុ Salicylic Acid នៅក្នុង​ទឹកត្រី​ជ្រលក់​នេះ​បន្ថែមទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close