រុស្ស៊ី ផ្អាក​ការផ្គត់ផ្គង់​ហ្គាស​ឲ្យ​ក្រុមហ៊ុន​របស់​ដា​ណឺ​ម៉ាក និង​អាល្លឺម៉ង់​

​ម៉ូស្គូ​៖ ក្រុមហ៊ុន​ថាមពល​យក្ស​របស់​រុស្ស៊ី Gazprom នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​បាន​បញ្ជាក់ថា ខ្លួន​នឹង​លែង​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​ក្រុមហ៊ុន​ថាមពល​ដ៏​ធំ​បំផុត​របស់​ដា​ណឺ​ម៉ាក គឺ Orsted ហើយនឹង​បញ្ឈប់​ការដឹកជញ្ជូន​ទៅកាន់​ប្រទេស​អាល្លឺម៉ង់​ក្រោម​កិច្ចសន្យា Shell Energy Europe​។​

​ក្រុមហ៊ុន Orsted បាន​ជូនដំណឹង​ដល់​ក្រុមហ៊ុន Gazprom Export ថា ខ្លួន​នឹងមិន​បង់ប្រាក់​សម្រាប់​ឧស្ម័ន​ជា​ប្រា​ក់រូ​ប្លិ​ទៀត​ទេ ហើយ​ក្រុមហ៊ុន Shell Energy Europe Limited ក៏បាន​បញ្ជាក់ដែរថា ខ្លួន​ក៏​នឹងមិន​បង់ប្រាក់​ជា​ប្រាក់​រូ​ប្លិ​សម្រាប់​ការផ្គត់ផ្គង់​ហ្គាស​ទៅ​ប្រទេស​អាល្លឺម៉ង់​ផងដែរ​។ នេះ​បើតាម​ការអះអាង​របស់​ក្រុមហ៊ុន​ប្រេង​រដ្ឋ​រុស្ស៊ី Gazprom នៅលើ​បណ្តាញ​សង្គម Telegram​។ ការបញ្ឈប់​ការផ្គត់ផ្គង់​នេះ នឹងមាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​តទៅ​។​

​សូម​រំលឹកថា ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​មួយ​កាលពី​ថ្ងៃទី​៣១ ខែមីនា ស្តីពី​ច្បាប់​ថ្មី​ទាក់ទង​នឹង​ពាណិជ្ជកម្ម​ឧស្ម័ន​ធម្មជាតិ (​ហ្គាស​) ជាមួយ​ប្រទេស និង​តំបន់ “​មិន​រាក់ទាក់ ឬ​អមិត្ត​”​។ យោងតាម​ក្រឹត្យ​នេះ កិច្ចសន្យា​ដែលមាន​ស្រាប់​នឹងត្រូវ​បញ្ឈប់ ប្រសិនបើ​អ្នកទិញ​ទាំងនេះ​បដិសេធ​មិន​បង់ប្រាក់​ជា​ប្រាក់​រូ​ប្លិ​របស់​ប្រទេស​រុស្ស៊ី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close