ទិវាពិភពលោកគ្មានថ្នាំជក់ “ថ្នាំជក់គំរាមកំហែងដល់បរិស្ថានយើង”
ផ្ទៃដីប្រមាណ ៣.៥លានហិកតាត្រូវបានបំផ្លាញសម្រាប់ការដាំដុះថ្នាំជក់ជារៀងរាល់ឆ្នាំ ហើយការដាំថ្នាំជក់រួមចំណែកដល់ការកាប់បំផ្លញព្រៃឈើក្នុងនោះដើមឈើប្រមាណ ៦០០លានដើមត្រូវបានកាប់បំផ្លាញដើម្បីផលិតបារីជារៀងរាល់ឆ្នាំ។ ការកាប់បំផ្លាញ់ព្រៃឈើសម្រាប់ដាំដុះថ្នាំជក់ បានជំរុញឱ្យមានការសឹករិចរិលដី និងទិន្នផលថយចុះ ដែលឈានទៅដល់ខូចដីសម្រាប់ដាំដុះដំណាំឬបន្លែផ្សេងៗទៀត។ ដូច្នេះហើយប្រធានបទសម្រាប់ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២២នេះគឺ“ថ្នាំជក់គំរាមកំហែងដល់បរិស្ថានយើង“។
វិធានការដែលមានប្រសិទ្ធភាពខ្ពស់មួយក្នុងចំណោមវិធានការដ៏ទៃទៀតក្នុងការកាត់បន្ថយផលប៉ះពាល់នៃផលិតផលថ្នាំជក់ទៅលើបរិស្ថានយើង គឺការដំឡើងពន្ធថ្នាំជក់។ នៅពេលដែលពន្ធថ្នាំជក់កើនឡើង អ្នកជក់បារីជក់តិចជាងមុន ឬ ផ្ដាច់បារីទាំងស្រុង ដែលនាំទៅរកការកាត់បន្ថយផលប៉ះពាល់ទៅលើ បរិស្ថានយើង។
ប្រសិនបើការប្រើប្រាស់ផលិតផលថ្នាំជក់ថយចុះ នឹងនាំឱ្យការផលិតថ្នាំជក់ដែលបញ្ចេញកាបូនឌីអុកស៊ីត (CO2) 80 លានតោនទៅក្នុងបរិយាកាសជារៀងរាល់ឆ្នាំនឹងថយចុះដូចគ្នា ដែលសារធាតុគីមីនេះហើយគឺជាឧស្ម័នផ្ទះកញ្ចក់ដែលរួមចំណែកដល់ការបង្កើនសីតុណ្ហភាពលើផ្ទៃផែនដី2។
ហើយបន្ថែមពីនោះ ការដំឡើងពន្ធថ្នាំជក់ក៏នាំឱ្យមានការថយចុះចំនួនអ្នកស្លាប់ អ្នកពិការ និងអ្នកឈឺដោយការប្រើប្រាស់ថ្នាំជក់។ លើសពីនេះទៀត ការដំឡើងពន្ធថ្នាំជក់ធ្វើឱ្យរាជរដ្ឋាភិបាលទទួលបានចំណូលពន្ធបន្ថែមសម្រាប់ប្រើប្រាស់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ នៅកម្ពុជា ករណីសិក្សាមួយរបស់ការអង្គការសហប្រជាជាតិ ស្ដីពីការវិនិយោគលើការត្រួតពិនិត្យផលិតផលថ្នាំជក់ឆ្នាំ២០១៩ បង្ហាញថា កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម ២៣៥លានដុល្លារសហរដ្ឋអាមេរិច ក្នុងរយៈពេល៥ឆ្នាំខាងមុខ និង៩៣៣លានដុល្លារសហរដ្ឋអាមេរិច ក្នុងរយៈពេល១៥ឆ្នាំខាងមុខ បើប្រទេសកម្ពុជាដំឡើងពន្ធលើផលិតផលថ្នាំជក់រហូតដល់៧៥%នៃតំលៃបារីលក់រាយ។
ទូទាំងពិភពលោកថ្នាំជក់ធ្វើអោយមនុស្សស្លាប់ ប្រមាណ ៨លាន នាក់រៀងរាល់ឆ្នាំ បង្កដោយជំងឺសរសៃឈាមបេះដូង សួត មហារីក ទឹកនោមផ្អែម លើសសំពាធឈាម និងជំងឺ ជាច្រើនមុខផ្សេងទៀត ដែលក្នុងនោះប្រជាពលរដ្ឋកម្ពុជាកម្ពុជាមានប្រមាណ ១៥០០០នាក់។ ថវិកាប្រមាណ ១,៤ ទ្រីលានដុល្លារអាមេរិកត្រូវបានខាតបង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។