ផ្សិតព្រៃ នៅ​ដែនជម្រកសត្វព្រៃ សង្ឃ​រុក្ខ​វ័​ន្ដ​ឆ្នាំនេះ សម្បូរ​ធ្វើឱ្យ​ប្រជា​សហគមន៍​សប្បាយចិត្ត​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​ផ្សិតព្រៃ​ច្រើន​ប្រភេទ​បានចាប់ផ្តើម​សម្បូរ​ដុះ​នៅ​តំបន់​សហគមន៍ ដែនជម្រកសត្វព្រៃ សង្ឃ​រុក្ខ​វ័​ន្ដ ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង​សំរោង ស្រុក​ចុងកាល់ និង​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ប្រជាពលរដ្ឋ​ច្រើន​គ្រួសារ​សប្បាយចិត្ត​ជាមួយ​នឹង​ការប្រមូល​ផ្សិត​យកមក​លក់​អាចជួយ​លើកស្ទួយ​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់​។​

ផ្សិត​ច្រើន​ប្រភេទ​ដែល​ប្រជា​សហគមន៍​តែង​នាំគ្នា​ដើរ​ប្រមូល​ពី​អនុ​វ​ផល​ព្រៃឈើ​ធម្មជាតិ ទាំងនេះ​រួមមាន​ដូចជា​៖​ប្រភេទ​ផ្សិត​ក្ងោក ទន្សោង កញ្ជោ​ង ធ្យុ​ង លាក់ សណ្តាយ កាវ ចម្រុះ​គោ ក​ញ្ចូ​រ​និង​ផ្សិត​ដំបូក ជាដើម​។​ ប្រភពពី​ប្រជា​សហគមន៍​បានឱ្យដឹងថា​ក្រោយ​ភ្លៀង​ធ្លាក់​ជោគជាំ​ពួកគាត់​បាននាំគ្នា​ចេញ​ដើរ​កដក​ផ្សិត​សម្រាប់​ទុក​ធ្វើ​ម្ហូប​និង​លក់​សម្រាប់​រក​ចំណូល​ដែល​ពួកគាត់​តែង​អនុវត្ត​បែបនេះ​ស្ទើរ​រៀងរាល់ឆ្នាំ​មកហើយ​។​

​ស្ត្រី​មួយរូប​មាន ឈ្មោះ ច្រិច រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ដែលជា​អ្នក​ដើររក​ដក​ផ្សិត​ជាមួយនឹង​ប្រជា​សហគមន៍​ដទៃទៀត​បាន​ប្រាប់​ឱ្យដឹងថា​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​មកនេះ​ពលរដ្ឋ​ជា​ប្រជា​សហគមន៍​បាននាំគ្នា​ចេញដំណើរ តាមរយៈ​គោយន្ត និង​អ្នកខ្លះ​តាម​មធ្យោបាយ​ផ្សេងៗ​ទៀត​បាននាំគ្នា​ចូល​ព្រៃរ​កដក​ផ្សិត នៅក្នុង​តំបន់​សហគមន៍ ដែន​ជម្រក សត្វព្រៃ សង្ឃ​រុក្ខ​វ័​ន្ត​នេះ​។​

អ្នករក​ផ្សិត​រូបនេះ​បានឱ្យដឹង​បន្ថែមថា​ក្នុង​មួយថ្ងៃ​ពួកគាត់​អាច​ដក​បាន​ផ្សិត​ក្ងោក និង​ផ្សិត​ទន្សោង ពី ៥ ទៅ ១០ គីឡូក្រាម ហើយ​អាច​លក់បាន​តម្លៃ​ពី ១ ម៉ឺន ទៅ ១៣.០០០ រៀល ក្នុង ១ គីឡូក្រាម ហើយ អ្នក​លើក​បន្ត (​ឈ្មួញកណ្តាល​) យកទៅលក់​បន្ត អាច​លក់​ថ្លៃ​ពី ១៧.០០០ ទៅ ២ ម៉ឺន​រៀល ក្នុង​១​គីឡូក្រាម ។​

​ផ្សិតព្រៃ​ជា​ប្រភេទ​រុក្ខជាតិ​មានឱជារស់​យ៉ាង​ឆ្ងាញ់​ពិសារ ហើយ​ឱ្យតែ​រដូវ​នេះ​មកដល់​ម្តងៗ​មាន​មនុស្ស​មិនតិច​សោះឡើយ​ដែល​រង់ចាំ​ភ្លក្ស​រស់ជាតិ​របស់​វា​។​ផ្សិតព្រៃ​ទាំងនេះ​គេ​អាច​កែច្នៃ​ធ្វើ​ម្ហូប​បាន​ច្រើន​មុខ​ណាស់​ដូចជា ស្ងោរ ឆា បំ​ពោង ធ្វើ​ស៊ុប បបរ​ផ្សិត ជាដើម​។​

​គួរ​បញ្ជាក់ថា​នៅតាម​ផ្សារ​នានា ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចាប់ពី​ចុងខែ​ឧសភា​ឆ្នាំ ២០២២​មក​គេ​ឃើញ​នៅ​ជិត​ច្រកទ្វារ ព្រំដែន​អន្តរជាតិ អូរ​ស្មាច់ នា​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង មាន​ឈ្មួញ​ដាក់លក់​ផ្សិតព្រៃ ទាំងនេះ​ជាច្រើន យ៉ាង​ផុលផុស ហើយ​ក៏មាន​ទីផ្សារ​យ៉ាង​ល្អ​ទៀតផង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close