នៅទីស្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបចំពិធីប្រកាសចូលកាន់តំណែងរបស់មន្ត្រីរាជការ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន

នាព្រឹកថ្ងៃសុក្រ ៩កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបចំពិធីប្រកាសចូលកាន់តំណែងរបស់មន្ត្រីរាជការ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន

និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី ដែលជាមន្រ្តីរាជការក្រោមឱវាទក្រសួងយ៉ាងច្រើនកុះករ។ ឆ្លៀតឱកាសនេះ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្នុងនាមខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តីបានគោរពថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចបានគាំទ្រ លើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ និងឯកភាពតាមសំណើរបស់ឯកឧត្តមរដ្ឋមន្រ្តីសុំតែងតាំងមន្ត្រីរាជការចំនួន១២រូប ជាថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងដែលក្នុងនោះមានថ្នាក់អគ្គនាយករង ៧រូប និងប្រធាននាយកដ្ឋាន៥រូប។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ការតែងតាំងនិងការផ្ទេរសម្រួលភារកិច្ចមន្ត្រីរាជការនាថ្ងៃនេះ គឺជាដំណើរការប្រព្រឹត្តទៅជាធម្មតានៃការគ្រប់គ្រងនិងដឹកនាំរបស់ក្រសួងស្របតាមតម្រូវចាំបាច់នៃកំណែទម្រង់ស្ថាប័ន ការរីកចម្រើនទាំងចំណេះដឹង និងបទពិសោធន៍របស់មន្ត្រីរាជការ ហើយដែលតម្រូវឲ្យមានការប្តូរផ្លាស់ដើម្បីឲ្យសមស្របតាមគោលនយោបាយកំណែរទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងការវិវឌ្ឃន៍រីកចម្រើននៃសេដ្ឋកិច្ចជាតិក្នុងពេលបច្ចុប្បន្ន។

តំណែងនេះ គឺបានមកពីការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ដែលមន្រ្តីទាំងអស់នោះបានចំណាយពេលវេលា ព្រមទាំងកម្លាំងកាយនិងកម្លាំងចិត្ត ក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយឆន្ទៈ មនសិការ និងយកស្មារតីទទួលខុសត្រូវបំពេញការងារជូនក្រសួងក្នុងរយៈពេលកន្លងមក។

ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រង ដឹកនាំការងារ និងការទទួលខុសត្រូវ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការណែនាំ និងក្រើនរំលឹកមេរៀនល្អសម្រាប់ជាត្រីវីស័យយកទៅបំពេញតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូនឲ្យទទួលបានជោគជ័យបន្ថែមទៀត ដែលមានខ្លឹមសារដូចខាងក្រោម៖ ១-ត្រូវយកចិត្តទុកដាក់ និងពុះពារជម្នះនូវឧបសគ្គ អំណត់អត់ធន់ ទន់ភ្លន់តែម៉ឹងម៉ាត់ និងរៀនសូត្រដកស្រង់បទពិសោធន៍ពីការ ងារដែលយើងធ្លាប់ជួបប្រទះ ជាពិសេសត្រូវខិតខំហាត់ពត់លត់ដំខ្លួនបន្ថែមទៀត ដើម្បីឲ្យក្លាយខ្លួនទៅជាអ្នកដឹកនាំដែលមានគំរូល្អ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ។

២- ការពង្រឹងសមត្ថភាព គុណភាពការងារ និងមនសិកាវិជ្ជាជីវៈរបស់មន្ត្រីរាជការ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលការងារ និងធានាការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ការរៀបចំ ចាត់ចែង ដឹកនាំ និងគ្រប់គ្រង គឺជារបបការងារ ដែលតម្រូវឲ្យមន្ត្រីដឹកនាំមានលក្ខណសម្បត្តិមូលដ្ឋានរួមមាន៖ មានសមត្ថភាពជំនាញវិជ្ជាជីវៈ បទពិសោធន៍ ស្មារតីសមូហភាពចូលរួមបុគ្គលទទួលខុសត្រូវ សីលធម៌ គុណធម៌ និងមេត្តាធម៌ប្រកបដោយសមានចិត្តចែករំលែក ស្គាល់សុខទុក្ខសហការី ចូលរួមការងារអភិវឌ្ឍន៍សហគមន៍សង្គម និងមានទំនាក់ទំនងល្អជាមួយមហាជន។ ៣-ការផ្លាស់ប្ដូរឥរិយាបថ អ្នកផ្ដល់យោបល់ អ្នកប្រឹក្សាយោបល់ ការសម្របសម្រួល និងភាពប៉ិនប្រសព្វក្នុងការទំនាកទំនង គឺជាកត្តាសំខាន់ៗនៃការផ្តល់សេវាសាធារណៈ ហើយជារួមត្រូវមាន “ចរិកមហាជន” ពោលគឺត្រូវផ្សព្វផ្សាយជាសាធារណៈនូវព័ត៌មានទាក់ទងនឹងបច្ចេកទេសជំនាញរបស់អង្គភាពនីមួយៗឲ្យទូលំទូលាយនិងចំគោល ដៅក្នុងគោលបំណងដើម្បីចែករំលែកនូវចំណេះដឹងបច្ចេកទេសថ្មីៗ និងបទពិសោធន៍ល្អៗ។ ត្រូវរួមគ្នាផ្តល់ជាគំនិត និងរកវិធីសាស្ត្រដោះស្រាយនូវរាល់បញ្ហាទាំងឡាយដែលកើតមានឡើងជាយថាហេតុនៅក្នុងអង្គភាព និងមូលដ្ឋានរបស់ខ្លួនឲ្យបានទាន់ពេលវេលា។ ៤-ត្រូវខិតខំរៀបចំលិខិតបទដ្ឋានគតិយុត្ត លិខិតក្រោមច្បាប់ឲ្យបានទាន់ពេលវេលា សមស្របតាមតម្រូវការចាំបាច់ និងដំណើរ ការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិនិងត្រូវយកចិត្តទុកដាក់អនុវត្តលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ឲ្យមានប្រសិទ្ធភាព។ ៥- ត្រូវយកចិត្តទុកដាក់និងត្រូវតែដឹងពីកាតព្វកិច្ចដ៏សំខាន់មួយទៀត គឺការប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយមិនឲ្យលើសពី១ខែឡើយ បន្ទាប់ពីថ្ងៃចុះហត្ថលេខានិងឡាយព្រះហត្តលេខាតែងតាំងនៅអង្គភាពប្រឆាំងអំពើពុករលួយ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close