អ៊ុយ​ក្រែ​ន ​ទទួលបាន​ព័ន្ធ​មី​ស៊ី​ល​ការពារ​ដ៏​ទំនើប​ពី​អាមេរិក​

​រដ្ឋាភិបាល​អាមេរិក បានប្រកាស​ផ្តល់ជំនួយ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដ៏​ទំនើប ដើម្បី​ជួយ​ដល់​កម្លាំង​ទាហាន​អ៊ុយ​ក្រែ​ន​ទប់ទល់​ជាមួយ​កម្លាំង​ទាហាន​រុស្ស៊ី ក៏ដូចជា​ការបង្ខំ​ឲ្យ​ទីក្រុង​មូ​ស្គូ ត្រូវតែ​ពិភាក្សា​ដើម្បី​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ។​

​សារព័ត៌មាន New York times នៅ​ថ្ងៃទី​៣១​ខែឧសភា ប្រធានាធិបតី​បៃ​ដី​ន​បានប្រកាសថា ទីក្រុង​វ៉ាស៊ីនតោន នឹង​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ឲ្យ​អ៊ុយ​ក្រែ​ន​ដើម្បី​ទប់ទល់​ការវាយប្រហារ​ពី​រុស្ស៊ី​។​

​នៅក្នុង​បទ​វិចា​ណរ​កថា​មួយ​ចេញផ្សាយ​ដោយ​កាសែត​អាមេរិក New York Times នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ លោក ចូ បៃ​ដិ​ន បានបញ្ជាក់​ដូច្នេះ​ថា «​យើង​នឹង បញ្ជូន​ឱ្យ​អ៊ុយ​ក្រែ​ន​នូវ​ប្រព័ន្ធ​មី​ស៊ី​ល​ទំនើបៗ និង​គ្រាប់រំសេវ​បន្ថែម ដែល​អាចជួយ​ឱ្យ​ពួកគេ​ប្រយុទ្ធ​នៅលើ​សមរភូមិ និង​មាន​ជំហរ​កាន់តែ​រឹងមាំ​នៅឯ​តុ​ចរចា​»​។​

​ដោយឡែក បើតាម​មន្ត្រីជាន់ខ្ពស់​អាមេរិក​ម្នា​ក់ អាវុធ​ដែល​នឹងត្រូវ​ផ្ដល់ឱ្យ​អ៊ុយ​ក្រែ​ន ក្នុងនោះ​រួមមាន​ទាំង​ប្រព័ន្ធ​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ឆ្ងាយ HIMARS ដែល កងទ័ព​អ៊ុយ​ក្រែ​ន​បានស្នើ​សុំ​ជារឿយៗ ដើម្បី​អាច​ទប់​ទល់នឹង​ការវាយប្រហារ​ដោយ​មី​ស៊ី​លពី​សំណាក់​កងទ័ព​រុ​ស្ស៉ី​។ ប៉ុន្តែ នៅពេល​ត្រូវបាន​សួរថា​តើ​ផ្ដល់​អាវុធ បែបនេះ​អាច​នឹង​អូស​ឱ្យ​សហរដ្ឋអាមេរិក​មាន​ជម្លោះ​ដោយផ្ទាល់​ជាមួយ​រុ​ស្ស៉ី​ដែរ ឬក៏​យ៉ាងណា មន្ត្រី​អាមេរិក​រូបនេះ​ដដែល​បានឱ្យដឹងថា​ទីក្រុង​កៀវ​បាន​សន្យា ថា​ពួកគេ​នឹងមិន​ប្រើ​ប្រព័ន្ធ​មី​ស៊ី​ល​នេះ​វាយប្រហារ​ចូលក្នុង​ទឹកដី​រុ​ស្ស៉ី​នោះទេ ពោលគឺ​គ្រាន់តែ​ប្រើ​ដើម្បី​បណ្ដេញ​កងទ័ព​រុ​ស្ស៉ី​ចេញពី​ទឹកដី​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​។​

​ការយល់ព្រម​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​ទំនើប​ខាងលើ ស្ថិតនៅក្រោម​កញ្ចប់​ជំនួយ​យោធា​មាន​ទំហំ​ទឹកប្រាក់ ៧០០​លាន​ដុល្លារ​របស់​រដ្ឋបាល​លោក បៃ​ដិ​ន សម្រាប់​អ៊ុយ​ក្រែ​ន ដែល​អាច​នឹងត្រូវ​ប្រកា​ស​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ (​ម៉ោង​នៅ​វ៉ាស៊ីនតោន​)​។ ការប្ដូរ​ចិត្ត​ភ្លាមៗ​របស់លោក បៃ​ដិ​ន កើតមានឡើង នៅ​ចំពេល​មាន​សេចក្ដីរាយការណ៍​ថា​រុ​ស្ស៉ី​អាច​នឹង​វាយ​គ្រប់គ្រង​ទាំងស្រុង​លើ​ទីក្រុង ស៊ី​វី​យ៉េ​រ៉ូ​ដូ​ណេ​ត (Sievierodonetsk) ក្នុង​តំបន់​ភាគ​ខាងកើត​ប្រទេស អ៊ុយ​ក្រែ​ន​ឆាប់ៗ​នេះ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close