ខេត្ត​ព្រះសីហនុ​៖ អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​៣ មាន​សមត្ថភាព​ចម្រោះ​ទឹក​កខ្វក់​បាន ២​ម៉ឺន​ម៉ែត្រគូប ក្នុង​មួយថ្ងៃ

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២២ ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចុ​ញ​ពិនិត្យ​ការដ្ឋាន​ការសាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​៣ ស្ថិតនៅក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។

​សូម​ជម្រាបជូន​ថា​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​៣​មាន​សមត្ថភាព​ចម្រោះ​ទឹក​កខ្វក់​បាន​២​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ គិត​មកដល់​បច្ចុប្បន្ន​សម្រេចការ​សាងសង់​បាន​ប្រមាណ​ជា​៥០​ភាគរយ​ហើយ​។ ​តាម​បទពិសោធន៍​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​១ និង​ទី​២ ដែល​បាន​សាងសង់ និង​ដាក់ឱ្យ​ដំណើរការ​ក្រោម​ស្តង់ដារ​ក្រសួងបរិស្ថាន ដែល​បាន​អនុញ្ញាតឱ្យ​ទឹក​ដែល​ចម្រោះ​រួច​បង្ហូរ​ចូល​សមុទ្រ ដែលមាន​សុវត្ថិភាព​ដល់​ជីវចម្រុះ​ក្រោម​បាតសមុទ្រ​។

​ការដ្ឋាន​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​៣ បែង​ចែកជា​ពីរ​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១-​សំណង់​ទីវាល អាច​បញ្ចប់​មុន​ចូលឆ្នាំ​ខ្មែរ ឆ្នាំ​២០២៣​ខាងមុខ និង​ដំណាក់កាល​ទី​២-​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​មេកា​និក បន្ត​ប្រហែល ៣ ទៅ ៤​ខែ​បន្ថែមទៀត ដោយ​ត្រូវ​ធ្វើតេស្ត​លើ​ប្រព័ន្ធ​បច្ចេកទេស​ឱ្យបាន​រួចរាល់​។

​ក្នុងឱកាស​ចុះ​ពិនិត្យ​សកម្មភាព​ការងារ​សាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​៣ ឯកឧត្តម​អភិបាលខេត្ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​បច្ចេកទេស ទោះបី​មាន​ភ្លៀង​យ៉ាងណាក៏ដោយ ក៏​ក្រុមការងារ​នៅតែ​បំពេញការងារ​យ៉ាង​មមាញឹក​។

​ជាមួយគ្នានេះ ឯកឧត្តម​បានធ្វើ​ការណែនាំ​ឱ្យ​ក្រុមការងារ​បច្ចេកទេស ត្រូវ​បង្កើន​សកម្មភាព​ការងារ​ឱ្យ​កាន់តែ​លឿន​បន្ថែមទៀត ដើម្បីឱ្យ​ការដ្ឋាន​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​៣​របស់​យើង​បាន​ឆាប់​រួចរាល់​តាម​ផែនការ​គ្រោងទុក ប្រកបដោយ​គុណភាព​តាម​ស្តង់ដារ​បច្ចេកទេស និង​ធានាបាន​ការប្រើប្រាស់​យូរអង្វែង សម្រាប់​ជា​ផលប្រយោជន៍​រួម​របស់​យើងទាំងអស់គ្នា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close