លោកខាងលិចកំពុងតែដុតរោលភ្លើងសង្គ្រាមអ៊ុយក្រែន កាន់តែខ្លាំង
នៅថ្ងៃ១ខែមិថុនា អាមេរិក និងអាល្លឺម៉ង់ បានសន្យាផ្តល់ អាវុធទំនើបៗដល់ប្រទេសអ៊ុយក្រែន តាមការចង់បានរបស់ទីក្រុងគៀវដើម្បីបាញ់ទម្លាក់យន្តហោះចម្បាំង និងកាំភ្លើងធំរថក្រោះរបស់រុស្ស៊ី ។ សកម្មភាពខាងលើ មិនខុសអ្វីពីការចាក់ខាំងបន្ថែមចូលក្នុងភ្នក់ភ្លើងដែលកំពុងតែឆាប់ឆេះជិត៤ខែកន្លងក ។
ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា អាល្លឺម៉ង់នឹងផ្គត់ផ្គង់ ប្រព័ន្ធការពារដែនអាកាស IRIS-T ដល់អ៊ុយក្រែន បន្ទាប់ពីមានការអង្វរករពីទីក្រុងកៀវ ហើយគណបក្សប្រឆាំងអាល្លឺម៉ង់ ក៏បានទទូចឱ្យបង្កើនការជួយផ្តល់អាវុធធុនធ្ងន់ផងដែរ។
លោកអធិការបតីអាល្លឺម៉ង់ បានគូសបញ្ចាក់យ៉ាងដូច្នេះថា អាល្លឺម៉ង់បាននឹងកំពុង «បន្តបញ្ជូនអាវុធ ចាប់តាំងពីសង្គ្រាមបានចាប់ផ្ដើមមកម្ល៉េះ» ដែលរហូតមកទល់ពេលនេះ ទីក្រុងបែរឡាំងបានបញ្ជូនគ្រាប់រំសេវជាង ១៥លានគ្រាប់, គ្រាប់បែកដៃជាង ១០០,០០០គ្រាប់ និងគ្រាប់មីនប្រឆាំងរថក្រោះជាង ៥,០០០គ្រាប់ដល់អ៊ុយក្រែន ចាប់តាំងពីរុស្ស៉ីបានឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។
លោក Scholz បានប្រាប់សមាជិកសភាអាល្លឺម៉ង់ថា «នាពេលថ្មីៗនេះ រដ្ឋាភិបាលសម្រេចចិត្តថា នឹងបញ្ជូនប្រព័ន្ធការពារដែនអាកាស IRIS-T ដ៏ទំនើបបំផុត ដែលអាល្លឺម៉ង់មានក្នុងដៃ ដល់អ៊ុយក្រែន» ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់ អំពីម៉ូដែលរបស់វាឡើយ។ ប៉ុន្តែបើតាមប្រភពដែល Reuters ទទួលបាន គឺអាល្លឺម៉ង់គ្រោងផ្តល់ម៉ូដែល IRIS-T SLM ដែលជាប្រភេទរយៈចម្ងាយមធ្យម។
យ៉ាងណាក្តី ការសម្រេចចិត្តខាងលើ មិនមែនមានន័យថា ទីក្រុងបែរឡាំង នឹងចាត់ចែងបញ្ជូនប្រព័ន្ធការពារដែនអាកាសនេះ បានក្នុងពេលឆាប់ៗនោះទេ។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អាណាលេណា ប៊ែរបក់ (Annalena Baerbock) បានប្រាប់សមាជិកសភាថា «វានឹងចំណាយពេលមួយរយៈ គឺអាចប៉ុន្មានខែ» ដោយបន្ថែមថា ប្រព័ន្ធនេះ ដែលផលិតដោយក្រុមហ៊ុនផលិតអាវុធ ឌីល (Diehl) ពីដំបូងឡើយ ត្រូវបានបម្រុងទុកសម្រាប់ «ប្រទេសមួយផ្សេងទៀត»។
ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អ៊ុយក្រែនបានបង្កើនការទទូចសុំជំនួយ អាវុធធុនធ្ងន់ពីសម្ព័ន្ធមិត្ត ស្របពេលដែលទីក្រុងមូស្គូ បានផ្តោតការសម្រុកវាយលុក ទៅកាន់តំបន់ភាគខាងកើតរបស់អ៊ុយក្រែន បន្ទាប់ពីបរាជ័យក្នុងការដណ្តើមកាន់កាប់រដ្ឋធានីកៀវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។