២១ក្រុមចូលរួមប្រជែងជើងឯកបាល់ទះ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង
សហព័ន្ធកីឡាបាល់ទះកម្ពុជាបានរៀបចំការប្រកួតកីឡាបាល់ទះបុរសក្នុងសាល ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងខែមិថុនានេះ ដោយមានក្រុមមកពីតាមបណ្តារាជធានី-ខេត្តចំនួន២១បានក្រុមដាក់ពាក្យចូលរួមប្រកួតប្រជែង។
នៅក្នុងពិធីចាប់ឆ្នោតជ្រើសរើសពូល នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២ នៅទីលានបាល់ទះវិសាខា បានបែងចែកក្រុមទាំង២១ ទៅជា៤ពូលផ្សេងៗគ្នា ដើម្បីប្រកួតជម្រុះ។ ចំណែកការប្រកួតនេះក៏នឹងធ្វើឡើងនៅទីលានបាល់ទះវិសាខាផងដែរ។ ការប្រកួតនឹងរៀបចំពីថ្ងៃទី៨ ដល់២៦ ខែមិថុនា ឆ្នាំ២០២២ ពោលគឺរាល់ថ្ងៃអាទិត្យ ដល់ថ្ងៃព្រហស្បត្តិ៍ នៅក្នុងសប្ដាហ៍នីមួយៗ។ ក្រោយប្រកួតសន្សំពិន្ទុតាមពូល ក្រុមដែលមានចំណាត់ថ្នាក់លេខ១និងលេខ២នឹងបានឡើងទៅទៅវគ្គ៨ក្រុមចុងក្រោយ ដើម្បីបន្តកៅអីរកក្រុមខ្លាំងចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ។
លោក ទែន ឡន ប្រធានអនុគណៈកម្មការបច្ចេកទេស បានបញ្ជាក់ថាយ៉ាងហោចណាស់មានក្រុមធំៗក្នុងស្រុក ប្រហែលជា៥ក្លិប នឹងមិនអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់សម្តេចក្រឡាហោម នៅឆ្នាំនេះនោះទេ ដោយសហព័ន្ធបានសម្លឹងឃើញពីសក្ដានុពលរបស់ក្លិបទាំងនោះ។ ក្លិបទាំង៥មានដូចជា វិសាខា, ក្លិបបាល់ទះក្រសួងមហាផ្ទៃ, ក្លិបបាល់ទះបញ្ជាការដ្ឋានកងអង្គរក្ស, រដ្ឋបាលរាជធានីភ្នំពេញ និងកងពលធំអន្តរាគមន៍លេខ៣។ គណៈកម្មការបានផ្តល់ឱកាសសម្រាប់កីឡាករក្លិបធំៗទាំង៥ អាចដាក់ឈុតទី២ របស់ខ្លួនក្នុងពានរង្វាន់សម្តេចក្រឡាហោម បានក៏ប៉ុន្តែកីឡាករទាំងអស់គឺត្រូវស្ថិតនៅបញ្ជីដាច់ដោយឡែកពីគ្នាជាមួយក្រុមឈុតទី១។
លោកបន្តថា តាមផែនការនៃការប្រកួតក្រោយបញ្ចប់ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ទៅ សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងរៀបចំពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ហើយក្រុមទាំង៥ខាងលើនេះឈរចាំនៅក្នុងពានរង្វាន់សម្តេចតេជោ ជាស្រេច។ ចំណែកក្រុមដែលជាប់ចំណាត់ថ្នាក់ពីលេខ១ដល់លេខ៧ ក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង ជាបេក្ខភាពបន្ថែម ដើម្បីចូលដណ្តើមពានរង្វាន់សម្តេចតេជោ ជាមួយក្រុមខ្លាំងទាំង៥ដែលអង្គុយចាំ។
លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជាលើកឡើងថា កម្មវិធីប្រកួតពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង នាពេលនេះគឺជាបេសកកម្មមួយ ដើម្បីស្វែងកីឡាករថ្មីៗ ទៅបន្ថែមនៅក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជា ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
«គោលដៅបន្ទាប់ក្រោយឆ្នាំ២០២៣ ក៏យើងនៅតែមានកម្មវិធីប្រកួតថែមទៀត។ ដូច្នេះយើងត្រូវការធនធានកីឡាករបន្តវេនជាបន្តបន្ទាប់។ ឆ្នាំនេះក្រុមដែលដណ្តើមបានជើងឯកទទួលបានពានរង្វាន់ធំ១ អមដោយប្រាក់រង្វាន់លើកទឹកចិត្តចំនួន២០លានរៀល»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។