កូរ៉េខាងជើង បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង រយៈ​ចម្ងាយ​ខ្លី ៨​គ្រាប់​ជាថ្មីទៀត​

​សេ​អ៊ូ​ល​៖ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី ៨​គ្រាប់ ឆ្ពោះទៅកាន់​តំបន់ឆ្នេរ​ភាគ​ខាងកើត​របស់ខ្លួន នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​មុននេះ មួយថ្ងៃ​បន្ទាប់ពី​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​បិទ​បញ្ចប់​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជា​លើកដំបូង​របស់​ពួកគេ​។

​បើតាម​យោធា​កូរ៉េខាងត្បូង កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ខាងលើនេះ នៅ​ម៉ោង​ចន្លោះ​ពី​៩៖០៨​នាទី ដល់​ម៉ោង ៩៖៤៣​នាទី​ព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ (​ម៉ោង​ក្នុង​តំបន់​) ចេញពី​តំបន់ Sunan ជាយ​ទីក្រុង​ព្យុងយ៉ាង ដែល​នេះ​ជាការ​បាញ់​សាកល្បង​មី​ស៊ី​ល​លើក​ទី ១៨ ហើយ​របស់​កូរ៉េខាងជើង​នៅក្នុង​ឆ្នាំ​២០២២​នេះ​។​

​ជាការ​ឆ្លើយតប​នោះ យោធា​កូរ៉េខាងត្បូង​បាន​បង្កើន​ការឃ្លាំមើល និង​តាមដាន​ស្ថានភាព​ប្រកាសអាសន្ន​របស់ខ្លួន ប្រឆាំងនឹង​ការបាញ់​បង្ហោះ​ដែល​អាច​កើតមាន​បន្ថែមទៀត ក៏ដូចជា​រក្សា​ជំហរ​ត្រៀមខ្លួន​ពេញលេញ​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close