គណបក្សប្រជាជនកម្ពុជា គ្រប់គ្រងអាសនៈឃុំ-សង្កាត់៩ពាន់អាសនៈ ខណៈគណបក្សភ្លើងទៀនជាង២ពាន់អាសនៈ
តាមអ្នកសង្កេត នៃការរាប់សន្លឹកឆ្នោតបានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាអាចគ្រប់គ្រងអាសនៈឃុំ-សង្កាត់ច្រើនជាងគេដែលមានដល់ជាង ៩ពាន់អាសនៈ ខណៈគណបក្សភ្លើងទៀន មានជាង២ពាន់អាសនៈ។
ក្នុងចំណោមគណបក្សដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ទាំង១៧គណបក្សមានតែគណបក្ស៩ប៉ុណ្ណោះដែលទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងនោះគណបក្សប្រជាជនអាចទទួលបាន ៩ ៣៣៩អាសនៈ គណបក្សភ្លើងទៀនប្រហាក់ប្រហែល ២ ១៩២អាសនៈ គណបក្សហ៊្វុនស៊ិនប៉ិចអាចទទួលបាន ១៩អាសនៈ គណបក្សខ្មែររួបរួមជាតិប្រមាណ ១៣អាសនៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រមាណ ៦អាសនៈ គណបក្សខ្មែរស្រឡាញ់ជាតិអាចបាន ៥អាសនៈ គណបក្សយុវជនកម្ពុជាអាចទទួលបាន ៣អាសនៈ គណបក្សកម្ពុជានិយមអាចបាន ១អាសនៈ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យអាចបាន ១អាសនៈ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ បានធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ដោយមានតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២អាសនៈ ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២ ក្នុងនោះពលរដ្ឋដែលចេញទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានចំនួនជិត ៧លាន ១សែននាក់ ដែលស្មើនឹងជាង ៧៧,៩១% នៃចំនួនពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជាង ៩លាន ២សែននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។