នាយករដ្ឋមន្ត្រីអង់គ្លេស ឈ្នះការបោះឆ្នោតដកសេចក្តីទុកចិត្ត
ឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានទទួលជោគជ័យក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្ត ដោយទទួលបានសំឡេងគាំទ្រភាគច្រើនគ្រប់គ្រាន់ ពីសមាជិកសភាមកពីគណបក្សអភិរក្សនិយម ។
ការបោះឆ្នោតដកសេចក្ដីទុកនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោក ចនសុន បានបង្កភាពចម្រូងចម្រាស ក្រោយលេចធ្លាយវីដេអូមួយកាលពីប៉ុន្មានខែកន្លងទៅនេះ ដែលបង្ហាញថា លោកបានចូលរួមក្នុងពិធីជប់លៀងមួយ ទាំងដែលអង់គ្លេសកំពុងអនុវត្តវិធានការបិទខ្ទប់ប្រឆាំងជំងឺកូវីដ១៩។
លោក ចនសុន បាននិយាយភ្លាមៗបន្ទាប់ពីលទ្ធផលចេញមកថា ខ្ញុំគិតថា វាជាលទ្ធផលដ៏ល្អ វិជ្ជមាន ហើយថា អ្វីដែលមានន័យនៅយប់នេះ គឺថាយើងអាចផ្តោតលើអ្វីដែលយើងកំពុងធ្វើ ដើម្បីជួយប្រជាជនលើតម្លៃនៃការរស់នៅ ជាមួយនឹងអ្វីដែលយើងកំពុងធ្វើ ដើម្បីរក្សាផ្លូវ និងសហគមន៍ឱ្យកាន់តែមានសុវត្ថិភាព។
លោកបន្ថែមថា វាផ្តល់ឱ្យយើងនូវឱកាសដើម្បីការបង្រួបបង្រួម ពង្រឹង និងបង្កើនសេដ្ឋកិច្ចរបស់យើង។
គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្តកាលពីយប់ថ្ងៃចន្ទដើមសប្តាហ៍សប្ដាហ៍នេះ លោក ចនសុន ទទួលបានសំឡេងគាំទ្រ ៥៩ភាគរយ ជាមួយសំឡេងបោះឆ្នោតគាំទ្រផ្ដល់សេចក្ដីទុកចិត្តពីសមាជិកសភាអភិរក្សនិយម ២១១នាក់ ខណៈដែល ១៤៨នាក់ទៀតបោះឆ្នោតដកសេចក្ដីទុកចិត្តប្រឆាំងនឹងរូបលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។