លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ នឹងបញ្ចប់បិទផ្សាយជាសាធារណៈនៅថ្ងៃនេះ
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប ) បានឲ្យដឹងថា ការបិទផ្សាយជាសាធារណៈជុំវិញលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតឃុំ-សង្កាត់នឹងត្រូវបញ្ចប់នៅថ្ងៃទី៨ ខែមិថុនា នេះ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ការបិទផ្សាយជាសាធារណៈអំពីលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ដោយការបិទផ្សាយនេះគ្រប់តាមបណ្តាគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត។
បើតាមលោក ហង្ស ពុទ្ធា បន្ទាប់ពីការបិទផ្សាយលទ្ធផលបណ្តោះអាសន្ននឹងបញ្ចប់នៅថ្ងៃនេះ គ.ជ.ប នឹងប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី២៦ មិថុនាខាងមុខ ខណៈការប្រកាសលទ្ធផលផ្លូវការអាចនឹងចាប់ផ្តើមមុនថ្ងៃទី២៦ ក្នុងករណីមិនមានបណ្តឹងតវ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។