ក្រោយកូរ៉ែខាងជើងសាកល្បងមីស៊ីល អាមេរិក និងកូរ៉េខាងត្បូង បញ្ជូនយន្តហោះចម្បាំង ២០គ្រឿងធ្វើសមយុទ្ធ
នៅថ្ងៃទី ៧ខែមិថុនា អាមេរិក និងកូរ៉េខាងត្បូង បានបញ្ជូនយន្តហោះចម្បាំង ២០គ្រឿងហោះហើរនៅតំបន់សមុទ្រកូរ៉េខាងជើង ។
សារព័ត៌មាន Yonhap នៅថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា ក្រុមមន្ត្រីទីក្រុងសេអ៊ូលបានឱ្យដឹងថា កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក នាថ្ងៃអង្គារនេះ បានរួមគ្នាសម្ញែងអានុភាពយោធាផ្លូវអាកាសរបស់ពួកគេ ដែលមានការចូលរួមពីយន្តហោះចម្បាំងចំនួន ២០គ្រឿង រួមទាំងយន្តហោះ F-35A នៅលើផ្ទៃអាកាសនៃសមុទ្រលឿង។
អគ្គសេនាធិការចម្រុះរបស់យោធាកូរ៉េខាងត្បូង បានលើកឡើងថា កំលុងសមយុទ្ធត្រៀមលក្ខណៈនោះ ភាគីកូរ៉េខាងត្បូង បានចល័តយន្តហោះចម្បាំងសរុបចំនួន១៦គ្រឿង រួមមានយន្តហោះ F-35A, F-15K, និង KF-16 ខណៈខាងសហរដ្ឋអាមេរិក បានចល័តយន្តហោះចម្បាំង F-16 ចំនួន៤គ្រឿង។
យោធាកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា ក្នុងសេចក្តីថ្លែងការណ៍ថា ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងសេអ៊ូល បានបង្ហាញឱ្យឃើញពី សមត្ថភាពដ៏ខ្លាំងក្លារបស់សម្ព័ន្ធមិត្តទាំងពីរ ដើម្បីឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះសកម្មភាពបង្កហេតុណាមួយរបស់កូរ៉េខាងជើង ហើយកំពុងរក្សាជំហរត្រៀមលក្ខណៈយ៉ាងរឹងមាំ។
កាលពីថ្ងៃទី៦ខែមិថុនា កូរ៉េខាងត្បូងនិងអាមេរិក ទើបតែបានបាញ់មីស៉ីលបាលីស្ទិគចំនួន៨គ្រាប់ ចូលទៅក្នុងសមុទ្រខាងកើត ជាឆ្លើយតបចំពោះការបាញ់មីស៉ីលផ្លោងរយៈចម្ងាយខ្លីចំនួន៨គ្រាប់ របស់កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ។ កាលពីសប្តាហ៍មុន ប្រទេសទាំងពីរ ក៏បានធ្វើសមយុទ្ធជើងទឹករួមគ្នា នៅក្បែរឧបទ្វីបកូរ៉េ ដោយមានការចូលរួមពី នាវាផ្ទុកយន្តហោះចម្បាំងអាមេរិកផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។