៥ខែ ឆ្នាំនេះ! កម្ពុជា នាំចេញកសិផលជាង ៣,២លានតោន កើនឡើងជាង ៤%
ភ្នំពេញៈ កម្ពុជា បាននាំចេញកសិផលក្រៅពីស្រូវ-អង្ករ ក្នុងបរិមាណជាង ៣,២លានតោន ក្នុងរយៈពេល ៥ខែ ឆ្នាំ ២០២២នេះ កើនឡើង ៤,៣៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះបើគិតជាទឹកប្រាក់មានប្រមាណជិត ១.៤០០លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គេសង្កេតឃើញថា មានតែផលិតផលដំឡូងមី ថ្នាំជក់ សណ្តែកសៀង និងបន្លែចម្រុះប៉ុណ្ណោះ ដែលកើនឡើងក្រៅពីនេះ គឺសុទ្ធតែថយចុះ ជាពិសេសការនាំចេញទៅកាន់ប្រទេសចិន។
ការនាំចេញកសិផលជារួមរបស់កម្ពុជាមានកំណើនតិចតួចនេះនាពេលនេះ ដោយសារការនាំចេញទៅទីផ្សារប្រទេសចិនមានការធ្លាក់ចុះ គ្រាដែលកង្វះទូត្រជាក់សម្រាប់ផ្ទុកកសិផល ការរឹតបន្តឹងការត្រួតពិនិត្យទំនិញរបស់អាជ្ញាធរចិនដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្រោមគោលនយោបាយកូវីដកម្រិតសូន្យ និងការរឹតបន្តឹងលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ ដែលមកពីការរកឃើញវត្តមានកូវីដ ១៩ នៅលើសម្បកកេសវេចខ្ចប់ផ្លែចេកពីសំណាក់អាជ្ញាធរគយប្រទេសចិន។
របាយការណ៍ក្រសួងកសិកម្មដដែល បានបញ្ជាក់ថា ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២២ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ១.៩៥០លានដុល្លារ ក្នុងនោះការនាំចេញអង្ករមានទឹកប្រាក់ ២៤២,៥៤ លានដុល្លារ, ការនាំចេញស្រូវមានចំនួន ៣០៩,២០លានដុល្លារ និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួនជាង ១.៣៩៨លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។