ក្រសួងការបរទេស ច្រានចោល​ការចោទប្រកាន់​អំពី​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ដោយ​គ្មាន​មូលដ្ឋាន​មកលើ​កម្ពុជា

​ភ្នំពេញ​៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ច្រានចោល​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​មកលើ​កម្ពុជា ដោយ​បញ្ជាក់​ជាថ្មី​នូវ​ការប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​របស់​កម្ពុជា​ចំពោះ រដ្ឋធម្មនុញ្ញ​របស់ខ្លួន​ដែល​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន ឬ​វត្តមាន​កងទ័ព​បរទេស​ណាមួយ​នៅលើ​ទឹកដី​កម្ពុជា​ឡើយ និង​បាន​គូសបញ្ជាក់ថា ការកែលំអ​មូលដ្ឋាន​ក​ង​ទ័ពជើងទឹក​រាម​នេះ គឺធ្វើឡើង​ដើម្បី​ពង្រឹង សមត្ថភាព​កងទ័ពជើងទឹក​របស់​កម្ពុជា ដើម្បី​ការពារ​បូរណភាព​ដែនសមុទ្រ​របស់ខ្លួន និង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​តាម​ដែនសមុទ្រ​។​

​ការបញ្ជាក់​របស់​ប្រមុខ​ការទូត​កម្ពុជា គឺ​ឆ្លើយតប​ចំពោះ​ការសាកសួរ​របស់​រដ្ឋ​មន្ត្រី​ការបរទេស​អូស្ត្រាលី លោកស្រី Penny Wong ជុំវិញ​ព័ត៌មាន​ថ្មីៗ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​បណ្ដាញសារព័ត៌មាន​មួយចំនួន​ពាក់ព័ន្ធ​នឹង​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស លោក​ឧបនាយករដ្ឋមន្ត្រី បានលើកឡើង​អំពី កាយវិការ​ដ៏​ល្អ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អនុញ្ញាតឱ្យ​អនុព័ន្ធយោធា​បរទេស​នៅ​ភ្នំពេញ ២​កន្លែង ទស្សនា​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ដែល​កាយវិការ​នេះ មិន​ធ្លាប់​ត្រូវបាន​អនុវត្ត​ពីមុនមក​ដោយ ប្រទេស​ណាមួយ​ឡើយ ក្នុងការ​អនុញ្ញាតឱ្យ​បរទេស​ចូល​ទស្សនា​មូលដ្ឋាន​កងទ័ព​របស់​ខ្លួន​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា សម្ដេច​តេ​ជោ​នាយក​រដ្ឋ​មន្តី ហ៊ុន សែន បាន​ឆ្លៀតឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក នៅ​ទីក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី កាលពី ពេល​ថ្មីៗ​នេះ ដើម្បី​បញ្ជាក់​ជាថ្មី​ពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា ក្នុងការ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទ​ប្បញ្ញត្តិ​នានា​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​កងទ័ព​បរទេស​ណាមួយ​នៅលើ​ទឹកដី​កម្ពុជា ជាកា​ឆ្លើយតប​ទៅនឹង​កង្វល់​នានា​ពាក់ព័ន្ធ​នឹង​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close