សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បើក​ការ​ដា្ឋ​ន​សាងសង់​រោង​ជាង​ជួសជុល​នាវា ផែ​សំចត និង​ស្ដារ​ឃ្លាំង​នាវា នៅ​មូលដ្ឋាន​កង​ទ​ព័​ជើង​ទឹកសមុទ្រ​រាម ក្នុង​ខេត្ត​ព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះបឋមសិលា និង​បើក​ការ​ដា្ឋ​ន​សាង​សង់រោង​ជាង​ជួសជុល​នាវា ផែ​សំចត និង​ស្ដារ​ឃ្លង​នាវា​នៅ​មូលដ្ឋាន​កង​ទ​ព័​ជើង​ទឹកសមុទ្រ​រាម​ក្នុង ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២២ ក្នុងនោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មាន​ប្រសា​ស​ន៌​បញ្ជាក់ថា ក្នុងប្រទេស​កម្ពុជា មិនមាន​មូលដ្ឋានទ័ព​បរទេស​ដូច​ការចោទប្រកាន់​ណាមួយ​ឡើយ ។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មាន​ប្រសា​ស​ន៌​បញ្ជាក់ថា ប្រទេស​កម្ពុជា​គ្មាន​ចេតនា​បង្ក​ការគំរាមកំហែង​ដល់​ប្រទេស​ណាមួយ ហើយ​កម្ពុជា​ក៏​មិនដែល​ជំទាស់​រាល់ ការចូលរួម​អភិវឌ្ឍ​ន៌​សមត្ថភាព​កងទ័ព​រប​ស់​ប្រទេស​ដទៃ​នោះឡើយ​។
​កម្ពុជា​គ្រាន់តែ​ចង់​លើ​កក​ម្រិ​សមត្ថភាព​ការពារ​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ធានាបាន​ភាព​ធន់​ទប់ទល់​ពី​សម្ពាធ និង​ឥទ្ធិពល នៃ​ការប្រកួតប្រជែង​ភូមិសាស្ត្រ នយោបាយ ដែល​កំពុងមាន​នាពេល​បច្ចុប្បន្ន ដើម្បី​ធានា​ដំណើរ​ទៅមុខ ក្នុង​សន្តិភាព សន្តិសុខ និង​វិបុលភាព និង​មានលទ្ធភាព​ចូលរួម​កសាង​សន្តិភាព​ក្នុង​តំបន់ និង​សកលលោក ក្នុងនោះ​កម្ពុជា​គ្មាន​គោលនយោបាយ​ជ្រើសរើស​ប្រទេសមួយ ដើម្បី​ប្រឆាំង​ប្រទេសមួយ​ឡើយ​។​

​សម្តេច​ពិជ័យ​សេនា បាន​បដិសេធ​ជាថ្មី​ថា កម្ពុជា​គ្មាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅក្នុង​ប្រទេស​របស់ខ្លួន ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​នោះទេ ហើយ​កម្ពុជា​ក៏​មិន​បញ្ជូន​កងទ័ព​ទៅ​ក្រៅប្រទេស ក្រៅពី​តាម​សំណើ​អង្គការសហប្រជាជាតិ​នោះឡើយ​។​

​សូមបញ្ជាក់ថា គម្រោង​ទំនើបកម្ម​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ក្រោម​ជំនួយ​ពី​ប្រទេស​ចិន ជា​សមិទ្ធផល​ឈរលើ​មូល​ដា្ឋ​ន​គោរព​គា្ន​ទៅវិញទៅមក​និង​ស្មើមុខស្មើមាត់​រវាង​ចិន និង​កម្ពុជា សមស្រប​នឹង​ច្បាប់​ផ្ទៃក្នុង​ប្រទេស​ទាំងពីរ ច្បាប់​អន្តរជាតិ​ពាក់ព័ន្ធ និង​ក្រម​ប្រតិបត្តិ​អន្តរជាតិ ក្នុងនោះ ឯកឧត្តម វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា មាន​ប្រសា​ស​ន៌​ក្នុង​ពិធី​នេះដែរ​ថា កិច្ចសហប្រតិបត្តិការ​រវាង​ចិន និង​កម្ពុជា គឺជា​សរស​ទ្រូង​ដ៏​រឹងមាំ​សម្រាប់​ចំណងមិត្តភាព​នៃ​ប្រទេស​ទាំងពីរ សមស្រប​ទៅនឹង​ផលប្រយោជន៍​ជា​មូលដ្ឋាន​របស់​ប្រទេស និង​ប្រជាជន​ប្រទេស​ទាំងពីរ កម្ពុជា ចិន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close