ធនាគារពិភពលោក ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំនេះ បន្ដកើន ៤,៥% និងឆ្នាំ២០២៣ កើន ៥,៨%
ធនាគារពិភពលោក (World Bank) បានព្យាករកំណើន សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២ នេះ មានកំណើន ៤,៥ ភាគរយ និងឆ្នាំ២០២៣ មានកំណើន ៥,៨ ភាគរយ។ នេះបើតាមរបាយការណ៍របស់ World Bank ដែលចេញផ្សាយ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ។
នៅក្នុងរបាយការណ៍ ក្រោមចំណងជើងថា «GLOBAL ECONOMIC PROSPECTS» លោក ដេវីដ ម៉ាល់ប៉ាស់ ប្រធានក្រុមធនាគារពិភពលោក បានថ្លែងថាៈ សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន, វិធានការបិទខ្ទប់នៅក្នុងប្រទេសចិន, ការបន្ទុចបង្អាក់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងហានិភ័យនៃអតិផរណា រួមនឹងដំណើរមិនចម្រើន ខាងសេដ្ឋកិច្ច កំពុងតែសង្កត់កំណើនសេដ្ឋកិច្ច មិនឲ្យងើបរួច។ ប្រទេសជាច្រើន នឹងគេចមិនផុតពីដំណើរធ្លាក់ចុះ នៃសេដ្ឋកិច្ចឡើយ។
លោក ម៉ាល់ប៉ាល់ បានបន្ដទៀតថា ជាទីផ្សារសម្លឹងទៅមុខ ដូច្នេះអ្វីដែលជាកិច្ចការបន្ទាន់ នោះ គឺត្រូវជំរុញផលិតកម្ម ឲ្យសកម្មថែមទៀត ហើយចៀសវាងឲ្យបាននូវ ការដាក់របារ ពាណិជ្ជកម្ម។ ការផ្លាស់ប្ដូរ ក្នុងគោលនយោបាយ ផ្នែកសារពើពន្ធ, រូបិយវត្ថុ, អាកាសធាតុ និងបំណុល ក៏ជាកិច្ចការចាំបាច់ ត្រូវធ្វើដែរ ដើម្បីបង្ការឲ្យបាននូវ ការបែងចែកធនធាន មិនចំគោលដៅ និងវិសមភាព។
សូមជម្រាបថា កាលពីដើមខែមករា ឆ្នាំ២០២២ ធនាគារពិភពលោក ក៏បានព្យាករណ៍ កំណើនសេដ្ឋកិច្ចកម្ពុជា មានកំណើន ដូចនាពេលបច្ចុប្បន្ននេះផងដែរ ដោយនៅក្នុងឆ្នាំ ២០២២ មានការកើនឡើង ៤,៥% និងឆ្នាំ២០២៣ មានការកើនឡើង ៥,៨% ខណៈដែល មានការស្តារសេដ្ឋកិច្ច ក្នុងស្រុកល្អប្រសើរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។