រុស្ស៉ី ត្រូវពន្យារពេលជួសជុលនាវាផ្ទុកយន្តហោះ ដោយសារតែសង្គ្រាមនៅស៊ីរី
នាវាផ្ទុកយន្តហោះតែមួយគត់របស់រុស្ស៉ី ឈ្មោះ Admiral Kuznetsov ត្រូវពន្យារពេលជួសជុលបន្តទៀត ហើយមិនអាច ដំណើរការបានរហូតដល់ឆ្នាំ២០២៤។
នាវា Admiral Kuznetsov ដែលបានបម្រើការតាំងតែពីឆ្នាំ១៩៨៥មក បាន និងកំពុងស្ថិតនៅក្រោមការជួសជុលឡើងវិញ។ សារព័ត៌មាន Tass ដោយផ្អែកលើការ ស្រង់ប្រភពចេញពីក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងទៀតថា កំហុសបចេ្ចកទេសដែលត្រូវបានរកឃើញ បានតម្រូវនាវានេះមិនអាចដំណើរការតាមផែនការ គ្រោងទុកនោះទេ។ ដំបូងឡើយ រុស្ស៉ី គ្រោងនឹងដាក់ឱ្យដំណើរការនាវា Admiral Kuznetsov ឡើងវិញក្នុងឆ្នាំ២០២២នេះ ប៉ុន្តែកាលបរិច្ឆេទនេះ ត្រូវបានពន្យារដល់ឆ្នាំ២០២៣ និងពន្យារពេលជាថ្មីទៀតដល់ឆ្នាំ២០២៤។
គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០១៩ យ៉ាងហោចណាស់យោធាម្នាក់បានស្លាប់ និង១២នាក់រងរបួស ដោយសារតែភ្លើងឆេះលើនាវា Admiral Kuznetsov ហើយកាលពីឆ្នាំមុន នាវានេះបានរងការខូចខាតម្តងទៀត ក្នុងពេលធ្វើការជួសជុលនៅឯកំពង់ផែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។