រថភ្លើង​ធ្លាក់​កង​ចេញពី​ផ្លូវ ក្រឡាប់​នៅ​អ៊ីរ៉ង់ ស្លាប់​និង​របួស​ជិត​១០០​នាក់​

​រថភ្លើង​មួយ​ខ្សែ​បាន​ធ្លាក់​កង​ចេញពី​ផ្លូវ​បណ្តាល​ឲ្យ​ក្រឡាប់ នៅ​ព្រឹក​ថ្ងៃទី ៨​ខែមិថុនា បណ្តាល​ឲ្យ​មនុស្ស ១៧​នាក​ស្លាប់​និង និង​ជាង ៥០​នាក់​រងរបួស​។

​អាជ្ញាធរ​ក្នុង​តំបន់ បានឱ្យដឹងថា រថភ្លើង​ដឹក​អ្នកដំណើរ​មួយផ្នែក បាន​ក្រឡាប់​ធ្លាក់​ផ្លូវ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៉ី​រ៉ង់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដោយបាន​បង្ក​ឱ្យ​មនុស្ស​យ៉ាងហោចណាស់ ១៧​នាក់​ស្លាប់ និង ៥០​នាក់​ទៀត​រងរបួស ដោយ​ក្នុងចំណោម​នោះ មាន​ខ្លះ​រងរបួស​ធ្ងន់ធ្ងរ​ផងដែរ​។​

​បើតាម​ទូរទស្សន៍​រដ្ឋ​អ៉ី​រ៉ង់ ទូរ​រថភ្លើង​ចំនួន​៤ ក្នុងចំណោម​ទូរ​រថភ្លើង​ចំនួន​៧​កំណាត់ បាន​ក្រឡាប់​ធ្លាក់​ផ្លូវ នៅក្នុង​ភាព​ងងឹតងងល់ នាពេល​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ​នេះ នៅ​ជិត​ទីក្រុង តា​បាស់ (Tabas) ដែលមាន​ចម្ងាយ​ប្រហែល ៥៥០​គីឡូម៉ែត្រ​ពី​ភាគ​អាគ្នេយ៍ នៃ​រដ្ឋធានី​តេ​ហេ​រ៉ង់ (Tehran)​។​

​អភិបាលក្រុង Tabas លោក អា​លី អាក់​បា រ៉ា​ហ៉ី​មី (Ali Akbar Rahimi) បាន​និយាយថា រថភ្លើង​ក្រឡាប់​ធ្លាក់​ផ្លូវ បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១៧​នាក់ និង​មនុស្ស​ជាង​រាប់សិប​នាក់​ទៀត បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ដោយ​ខ្លះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​តំបន់​។ ចំនួន​អ្នកស្លាប់ និង​រងរបួស​នេះ អាច​នឹង​កើនឡើង ខណៈ​រថភ្លើង ត្រូវគេ​រាយការណ៍​ថា មាន​ផ្ទុក​អ្នកដំណើរ​ប្រហែល​៣៥០​នាក់ ។​

​គ្រោះថ្នាក់​នេះ បាន​កើតឡើង​ប្រហែល ៥០​គីឡូម៉ែត្រ​ពី​ទីក្រុង Tabas នៅលើ​ផ្លូវដែក​ដែល​ភ្ជាប់​ទៅកាន់​ទីក្រុង ហ្សា​ដ (Yazd)​។ រីឯ​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត ខណៈ​របាយការណ៍​បឋម បាន​អះអាងថា រថភ្លើង​បាន​បើក​បុក​ជាមួយ អេស្កាវ៉ាទ័រ​នៅ​ជិត​ផ្លូវដែក ប៉ុន្តែ​វា​មិនទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​ថា ហេតុអ្វី​បានជា​មាន​អេស្កាវ៉ាទ័រ​នៅ​ជិត​ផ្លូវ នៅពេល​យប់​យ៉ាង​ដូច្នោះ​។ បើតាម​មន្ត្រី​ម្នាក់ បាន​លើកឡើងថា វា​អាច​ស្ថិតក្នុង​ផ្នែក​នៃ​គម្រោង​ជួសជុល​។​

​គ្រោះថ្នាក់​រថភ្លើង​ដ៏​អាក្រក់​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​អ៉ី​រ៉ង់ គឺ​បាន​កើតឡើង​កាលពី​ឆ្នាំ​២០០៤ នៅពេល​រថភ្លើង​មួយ​ខ្សែ ដែល​ផ្ទុក​ប្រេងសាំង ជី​កសិកម្ម ស្ពានធ័រ និង​កប្បាស បាន​ជួប​គ្រោះថ្នាក់ នៅក្បែរ​ទីក្រុង ណី​សា​បួរ (Neyshabur) ដោយហេតុ​ការណ៍​នោះបាន​ផ្តាច់ជីវិត មនុស្ស​រហូតដល់​៣២០​នាក់ និង​បង្ក​ឱ្យ​របួស​៤៦០​នាក់​ផ្សេងទៀត​។ ដោយឡែក គ្រោះថ្នាក់​រថភ្លើង​កាលពី​ឆ្នាំ​២០១៦ ក៏បាន​សម្លាប់​មនុស្ស​រា​ប់​សិប​នាក់ និង​បង្ក​ឱ្យ​របួស​ជាច្រើន​នាក់​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close