ចាប់ផ្តើម​ប្រកួត​ជម្រុះ​កីឡាបាល់ទះ ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង ឆ្នាំ​២០២២

​ការប្រកួត​កីឡាបាល់ទះ​ដណ្តើមពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឆ្នាំ​២០២២​បាន​ដំណើរ​ការប្រកួត​ហើយ​នៅ​ថ្ងៃ​ពុធ ទី​៨ ខែមិថុនា ឆ្នាំ​២០២២​នេះ នៅ​កីឡដ្ឋាន​វិសាខា រាជធានី​ភ្នំពេញ ដោយ​អញ្ជើញ​ផ្តល់​កិត្តិយស​ក្នុង​ពិធី​បើក​ការប្រកួត​ពី​ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​។​

​ព្រឹត្តិការណ៍​នេះ​២១​ក្រុម​មកពី​តាម​បណ្តា​រាជធានី​-​ខេត្ត​ចូលរួម​ប្រកួតប្រជែង​ម្ចាស់​ជើងឯក ដោយ​ត្រូវបាន​ចែកចេញជា​៤​ពូ​ល​។ ការប្រកួត​ត្រូវ​ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​៨ ដល់​២៦ ខែមិថុនា ឆ្នាំ​២០២២ ពោលគឺ​រាល់ថ្ងៃ​អាទិត្យ ដល់​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ នៅក្នុង​សប្ដាហ៍​នីមួយៗ​។ ក្រោយ​ប្រកួត​សន្សំ​ពិន្ទុ​តាម​ពូ​ល ក្រុម​ដែលមាន​ចំណាត់ថ្នាក់​លេខ​១​និង​លេខ​២​នឹង​ក្លាយជា​បេក្ខភាព​ឡើងទៅ​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ដើម្បី​បន្ត​កៅអី​រក​ក្រុម​ខ្លាំង​ចូលដល់​វគ្គ​ពាក់ កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ​តែម្តង​។​

​បើតាម​ការបញ្ជាក់​ពី​លោក​បណ្ឌិត អាំង សេរី​ពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​ឲ្យ​ដឹងថា គោលបំណង​នៃ​ការរៀបចំ​ពាន​នេះ គឺ​ដើម្បី​បំផុស​ចលនា​កីឡាបាល់ទះ​ឲ្យ​កាន់តែ​សម្បូរបែប និង​ជាការ​បង្កើន​ការអភិវឌ្ឍ​ឲ្យ​កាន់តែ​រីកចម្រើន ក្នុងខណៈដែល​កម្ពុជា​កំពុង​ត្រៀម​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។ ជាមួយគ្នានេះ តាមរយៈ​ព្រឹត្តិការណ៍​នេះ​ក៏​ជាការ​បង្កើន​ធនធាន​កីឡាករ​ទៅ​បន្ថែម​នៅក្នុង​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ត្រៀម​ក្រោយ​ឆ្នាំ​២០២៣​ផងដែរ​។​

​លោក​បណ្ឌិត អាំង សេរី​ពិសិដ្ឋ បន្ថែមទៀតថា «​ក្រុម​ដែល​ចូលរួម​ក្នុង​ពានរង្វាន់​សម្តេច​ក្រឡ​ហោម ទាំងអស់នេះ​សុទ្ធតែ​បាន​ចុះ​អាជ្ញាប័ណ្ណ​ជាមួយ​សហព័ន្ធ​រួចរាល់​។ នេះ​បង្ហាញ​ពី​និរន្តរភាព​របស់​ក្រុម​សម្រាប់​ចូលរួម​ការប្រកួត​ក្នុង​ពានរង្វាន់​នានា​របស់​សហព័ន្ធ​នៅ​ថ្ងៃ​ខាងមុខ​ទៀត​។ គិត​ត្រឹម​ពេលនេះ​មាន ក្លិប​-​សមាគម​ជាង​៣០​ហើយ​បាន​ចុះបញ្ជី​ជាមួយ​សហព័ន្ធ​។

​លោក​អគ្គលេខាធិការ​បា​ន​អំពាវនាវ​ឲ្យ​មហាជន​អាច​អញ្ជើញ​ចូលរួម​ទស្សនាការ​ប្រកួត​បាន​ដោយ​សេរី នៅ​ទីលាន​ប្រកួត ដើម្បី​គាំទ្រ​ក្រុម​ដែល​ខ្លួន​ស្រឡាញ់​ចូលចិត្ត​។ ក្រៅ​ប្រកួត​ក្នុង​ពានរង្វាន់​សម្តេច​ក្រឡាហោម ក៏មាន​គូប្រកួត​មិត្តភាព​ដែរ ដោយនៅ​ថ្ងៃ​បើកឆាក​ជាការ​ជួបគ្នា​រវាង​ក្រុម​វិសាខា ជាមួយ​ក្រុម​ក្រសួងមហាផ្ទៃ ហើយ​នៅ​ថ្ងៃ​ចុងក្រោយ​ជាការ​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​បាល់ទះ​វិសាខា ជាមួយ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close