ល្ងាចមិញ ឆេះឃ្លាំងស្តុក​គ្រឿងអគ្គិសនីមួយ​កន្លែង​នៅ​ទួលទំពូង ខូច​ខាតស្ទើរទាំងស្រុង

ឃ្លាំង​ស្តុក​គ្រឿងអគ្គិសនី​ មួយកន្លែងស្ថិត​នៅ​ខាងលិច​ប្រឡាយ​ទឹកស្អុយ តាម​បណ្ដោយ​ផ្លូវ​លេខ ៤៤៦ ក្នុង​​សង្កាត់​ទួល​ទំ​ពុង​ទី​១ ខណ្ឌចំការមន ត្រូវ​បានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង កាលពី​វេលាម៉ោង​ប្រមាណ៥រសៀល ម្សិលមិញ (៩ មិថុនា)។

​​តាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ឃើញ​មាន​អណ្ដាតភ្លើង និង​ផ្សែងខ្មៅ ខ្មួលខ្មាញ់ ចេញពី​ខាងក្នុង​ឃ្លាំង ឃើញ​កម្មករ រត់​ចេញពី​ខាងក្នុង ស្រែក​ឆោឡោ ឱ្យជួយ​។ ភ្លាមៗ​នោះ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ់បាន​ចុះ​ដល់ទី​តាំង​កើតហេតុ និង​ទាក់ទង ទៅ​កម្លាំង​នគរបាល​ជំនាញ ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ ជាច្រើន​គ្រឿង មក​ទីតាំង​កើតហេតុ ដើម្បី​ជួយ​អន្តរាគមន៍ បាញ់​ពន្លត់​។​

​លោក​វរ​:​សេនីយ៍​ឯក ព្រហ្ម យ៉​ន នាយការិយាល័យ នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថាៈ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ លំបាក​ក្នុង​ការជួយ​អន្តរាគមន៍ ឲ្យ​ទាន់ពេលវេលា ដោយ​ផ្លូវ​តូចចង្អៀត ហើយ​អណ្ដាតភ្លើង ឆាបឆេះ​លឿន បណ្ដាល​ឲ្យ​ដំបូល​ឃ្លាំង បាក់ស្រុត ជំនាញ​លំបាក ក្នុងការ​ចូលទៅ បាញ់​ពន្លត់​។ តែ​យ៉ាងណា ករណី​អគ្គិភ័យ​នេះ មិន​បណ្ដាល​ឲ្យ​ឆេះ​ដាល​រាល​ដល់ផ្ទះ បងប្អូន​ប្រជាពលរដ្ឋ ជិតខាង​នោះឡើយ​។​

​ក្នុង​ប្រតិបត្តិការ​នេះ សង្កេតឃើញថា មាន​រថយន្ត​ព​ន្ក​ត់​អគ្គិភ័យ ជាច្រើន​អង្គភាព មកដល់ ទីតាំង​កើតហេតុ រួមមាន រថយន្ត​ទីក្រុង​អូ​ឡាំ​ព្យា រថយន្ត​ក្រសួងមហាផ្ទៃ រថយន្ត​កង​រាជ​អាវុធ ហត្ថ​រាជធានី​ភ្នំពេញ រថយន្ត​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ និង​ប្រើប្រាស់​ទឹក អស់​រថយន្ត​ជាច្រើន​គ្រឿង ទើប​បាញ់​ព​ន្ល​យ់​ជា​ស្ថាពរ​។​

យោង​តាម​របាយការណ៍​របស់​នាយកដ្ឋានពន្លត់អគ្គិភ័យ ករណីនេះ កងកម្លាំង​បាន​ប្រេី​ប្រាស់​រថយន្តការិយា​ល័យ​អគ្គិភ័យ​ :​ ចំនួន​ ២០​ គ្រឿង ប្រេីប្រាស់ទឹកអស់ ១០០​ រថយន្ត​ ស្មើរនឹង ៤០០​ ម៉ែត្រគូប ។ ករណីនេះបានឱ្យ​ខូចខាតសម្ភារៈឆេះគ្រឿងអគ្គិសនីសម្ភារៈក្នុងឃ្លាំងអស់ទាំងស្រុង ហើយមនុស្ស​ម្នាក់បានរងរបួស។

ដោយ​ឡែកមូលហេតុ ដែលបណ្តាល​ឲ្យ​កើតមានអគ្គិភ័យ សមត្ថកិច្ច​កំពុងធ្វើការស្រាវជ្រាវ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close