៥​ខែ ឆ្នាំនេះ​! កម្ពុជា នាំចេញ​អង្ករ​មាន​កំណើន​ជិត ២២% ខណៈ​ទទួល​ចំណូល​ពី​ស្រូវ និង​អង្ករ​ជាង ៥៦​លាន​ដុល្លារ​

​ភ្នំពេញ​៖ ៥​ខែ ដើមឆ្នាំ​២០២២​នេះ កម្ពុជា បាន​នាំចេញ​អង្ករ​គ្រប់​ប្រភេទ ទៅកាន់​ទីផ្សារ​អន្តរជាតិ តាមរយៈ​ក្រុមហ៊ុន​ចំនួន ៥៣​ក្រុមហ៊ុន បាន​អង្ករ​ចំនួន ២៨៣ ៦៧៥ តោន ដែល​គិត​ជា​ទឹកប្រាក់ មាន​ចំនួន ១៧៣.៤៧ លាន​ដុល្លារ សហរដ្ឋអាមេរិក​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ពី​សមាគម​ស្រូវ​អង្ករ​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​។​

​របាយការណ៍​បានឱ្យដឹងថា ប្រទេស​ចិន រួមទាំង តំបន់​ស្វយ័ត​ហុងកុង និង​ម៉ា​កាវ បាន​ចំនួន ១៤៩ ៤៤៧ តោន ឬ​ស្មើនឹង ៥២.៦៨% ដែលមាន​កំណើន​ចំនួន ២៣.៦៨% បើ​ធៀប​ទៅនឹង រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២១ ខណៈ​ការនាំចេញ​ទៅកាន់ ប្រទេស​នានា​នៅក្នុង​ទ្វីប​អ៊ឺរ៉ុប ចំនួន ២៣​ប្រទេស បាន​ចំនួន ៨៨ ១៦៧ តោន ឬ​ស្មើនឹង ៣១% មាន​កំណើន ចំនួន ៤៩.២៦%​។ ដោយឡែក ការនាំចេញ​ទៅកាន់ ប្រទេស​ក្នុង​សមាជិក​អាស៊ាន ៤​ប្រទេស បាន​ចំនួន ២៥ ៦៩១ តោន ឬ​ស្មើនឹង ៩.០៦% ដែលមាន​កំណើន​ចំនួន ១៧.៥៩% និង​ការនាំចេញ​ទៅកាន់​គោលដៅ​ផ្សេងៗ ចំនួន ២១​ប្រទេស បាន​ចំនួន ២០ ៣៧៦ តោន ឬ​ស្មើនឹង ៧.២០%​។​

​សម្រាប់​អង្ករ គឺមាន​ការនាំចេញ អង្ករ​ក្រអូប គ្រប់​ប្រភេទ បាន​ចំនួន ៦៤.១០% អង្ក​រស ចំនួន ៣៣.១២% អង្ករ​ចំ​ហ៊ុយ​១.៤២% និង​អង្ករ​សរីរាង្គ​ចំនួន ១.៤២%​។​

​ជាមួយគ្នានេះដែរ ក្នុង​រយៈពេល​៥​ខែ​នេះ កម្ពុជា បាន​នាំចេញ​ស្រូវ​សរុប​បាន​ចំនួន ១ ៦៩៨ ៩០៨ តោន ដែល​គិត​ជា​ទឹកប្រាក់​ចំនួន ៣៩១.៦៩ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​របាយការណ៍ ក៏បាន​បញ្ជាក់ថា សម្រាប់តែ​ខែឧសភា ឆ្នាំ​២០២២​នេះ កម្ពុជា​បានធ្វើ​ការនាំចេញ​អង្ករ​បាន​ចំនួន ៦២ ៥៣៧​តោន ដែលមាន​កំណើន ៥៤.២៨% បើ​ធៀប​ទៅនឹង​ខែឧសភា ឆ្នាំ​២០២១ ហើយ​បាន ធ្វើការ​នាំចេញ ស្រូវ​បាន​ចំនួន ៥០ ១៦១ តោន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close