ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នេះ រដ្ឋាភិបាល​ចាយ​លុយ​អស់ជាង​៦០លានដុល្លារ

ប្រធានគណកម្មការការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភាលោក សួស យ៉ារ៉ា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានវិនិយោគជាច្រើនដល់លិទ្ធិប្រជាធិបតេយ្យ ក្នុងនោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ រាជរដ្ឋាភិបាលបានចំណាយលុយអស់ជាង ៦០លានដុល្លារដើម្បីធ្វើឱ្យការបោះឆ្នោតបានជោគជ័យ។

ថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា ស្តីពីដំណើរការប្រជាធិបតេយ្យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅវិមានរដ្ឋសភា នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ លោក សួស យ៉ារ៉ា បានថ្លែងថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ គ្រាន់តែចំណាយលុយលើការចុះបញ្ជីឈ្មោះពលរដ្ឋរដ្ឋាភិបាលបានចំណាយលុយច្រើនជាង ១៦លានដុល្លារដើម្បីឱ្យមានភាពច្បាស់លាស់ដល់ទិន្នន័យ ខណៈចំណាយសរុបសម្រាប់ការបោះឆ្នោតទាំងមូលមានតម្លៃជាង ៦០លានដុល្លារ។

«រាល់ការបោះឆ្នោតនីមួយៗទោះបីជាសេដ្ឋកិច្ចរបស់យើងអត់ទៅតាមបំណងនិងគោលដៅក៏ដោយ តែរដ្ឋាភិបាលបានស្នើការវិនិយោគជាច្រើនដល់ប្រជាធិបតេយ្យ ហើយសភារបស់យើងក៏បានអនុម័តទាន់ពេលវេលា។ ឧទាហរណ៍ការបោះឆ្នោតឃុំ-សង្កាត់នេះយើងបានចំណាយថវិកាដល់ជាង ៦០លានដុល្លារ ដើម្បីធ្វើការចាយទៅលើការបោះឆ្នោត ហើយរួមទាំងការចុះបញ្ជី»។

បើតាមលោក សួស យ៉ារ៉ា រាល់ការបោះឆ្នោតម្កងៗគឺត្រូវចំណាយលុយមិនតិចជាង ៥០លានដុល្លារនោះទេ។ ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាអាណត្តិទី៦ កាលពីឆ្នាំ២០១៨ រដ្ឋាភិបាលកម្ពុជាចំណាយលុយអស់ជាង៥៣លានដុល្លារអាមេរិក។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ បានធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ដើម្បីជ្រើសរើសតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២អាសនៈ ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២។ លទ្ធផលផ្លូវការរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញថាមានពលរដ្ឋប្រមាណជាង ៧លាន ៣សែននាក់ ដែលស្មើជាង ៨០ភាគរយបានចេញទៅបោះឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close