ខឹងសង្សារបែកចិត្ត ទៅរករឿងសង្សារតែមិនឃើញ ក្រពុលមុខទាញដាវដេញកាប់ជនជាតិចិន សមត្ថកិច្ចចាប់វាយខ្នោះ

បន្ទាយមានជ័យ ៖ យុវជន​ចំនួន​២នាក់​ត្រូវ​បានសមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​បានធ្វើសកម្មភាព​ដេញកាប់​ជនជាតិ​ដែលស្នាក់នៅ និងធ្វើ​ការ​នៅ​ក្នុងសង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ​២០២២កន្លងទៅនេះ ។

បើយោង​តាម​របាយការណ៍​របស់សមត្ថកិច្ច ជនសង្ស័យ​បានធ្វើ​សកម្មភាព​ចំនួន២ករណី ដោយ​ករណីទី១ នៅ​វេលាម៉ោង ២២ និង ៣១ នាទីយប់ថ្ងៃទី១០ ខែមិថុនា ដោយ​ពួកគេ​បាន​ជិះម៉ូតូ មួយគ្រឿង ម៉ាក់ zoomex ពណ៌ (ក្រហម+ស ) ធ្វើសកម្មភាពកាប់ទៅលើជនជាតិចិនម្នាក់ឈ្មោះ zhou dongke ភេទ ប្រុស អាយុ ២២ ឆ្នាំ កាន់លិខិត ឆ្លងដែន លេខ (EH8968747)ស្នាក់នៅ នឹង បំរើការងារក្នុង កាស៊ីណូ ហ្វូនិក  កើតហេតុនៅត្រង់ ចំណុច អាគារ ១០០ បន្ទប់ ទុលមុខ ពេទ្យនគររាជ ក្នុង ភូមិ ក្បាលស្ពាន ១ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួស ចំលើកែងដៃខាងស្ដាំ នឹង លើដើមទ្រូង ។

បន្ទាប់មក​ពួកគេ​ក៏​បានធ្វើសកម្មភាពកាប់ទៅលើជនជាតិចិនម្នាក់ទៀតឈ្មោះ WANG JIAN ភេទ ប្រុស អាយុ ៣៣ ឆ្នាំ កាន់លិខិត ឆ្លងដែន លេខ EC ៥៨៣៨៨៣១ ស្នាក់នៅ នឹង បំរើការងារក្នុង សណ្ឋាគារ ជីវចូវ  ស្ថិតក្នុងភូមិ ក្បាលស្ពាន ១ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួស លើស្មាផ្នែកខាងស្ដាំ។

បន្ទាប់ពីបានទទួលពត៌មានភ្លាម កម្លាំងជំនាញបានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ពិនិត្យកាំម៉េរ៉ាសុវត្ថិភាព ហើយ​នៅវេលាម៉ោង​ប្រមាណ២២យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅម្ដុំកាស៊ីណូហ្គែនទីង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត និងបានដកហូតបានម៉ូតូ១គ្រឿងម៉ាកហ្សូមម័រអ៊ិច ពណ៍ស-ក្រហម ពាក់ស្លាកលេខ បន្ទាយមានជ័យ 1P-9446 និងជនសង្ស័យពីរនាក់មាន ទី១ឈ្មោះ តឿ ចំរើន ហៅម៉ឺន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់និងក្រុងប៉ោយប៉ែត ទី២ឈ្មោះ ជា លីហួត ហៅហួត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ក្បាលស្ពាន២ សង្កាត់និងក្រុងប៉ោយប៉ែត។

ក្រោយ​ការឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ខាងលើបានឆ្លើយសារភាពថា ខ្លួនទាំងពីរនាក់ពិតជាបានកាប់ទៅលើជនរងគ្រោះជាជនជាតិចិនខាងលើពិតប្រាកដមែន បន្ទាប់ពីក្រពុលមុខរឿងសង្សារសុំបែក។

យ៉ាងណាក៏ដោយ ពេលនេះកម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close