បញ្ចប់វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសថ្នាក់ជាតិកីឡាជិះសេះ ដើម្បីសម្រួចគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣
សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានរៀបចំវគ្គបណ្តុះបណ្តាលលមន្ត្រីបច្ចេកទេសថ្នាក់ជាតិកីឡាជិះសេះលោតផ្លោះរបារ កម្រិត១ រយៈពេល២ថ្ងៃ គឺថ្ងៃទី១១-១២ ខែមិថុនា ឆ្នាំ២០២២ នៅក្លិបកីឡា Cambodian County Club រាជធានីភ្នំពេញ ដើម្បីសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើ ជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ វគ្គនេះបាន ដំណើរការដោយប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោកស្រី ទេព ម៉ូណា ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះមាន ប្រសាសន៍ថា ដើម្បីសម្រួចគោលដៅឆ្ពោះទៅស្វែងរកមេដាយមាស ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ នៅកម្ពុជា គឺដាច់ខាត យើងមិនអាចទម្លាក់ដៃបានទេ។ ដូច្នេះ សហព័ន្ធនៅតែ ខិតខំឲ្យអស់ពីលទ្ធភាព ទាំងលើការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ទាំងការបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស ឲ្យបានរួចរាល់នៃគោលដៅនេះ។
លោកស្រី ទេព ម៉ូណា បន្ថែមថា សហព័ន្ធបានត្រៀមគ្រប់លក្ខណៈសម្បត្តិ ទាំងការសម្រួចគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិ និងការបណ្តុះបណ្តាលធនធានមន្ត្រីបច្ចេកទេសក្នុងការថែទាំសេះ ឲ្យបានរួចរាល់ និងទាន់ពេលវេលា សម្រាប់ដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ហើយនៅក្រោយបញ្ចប់ស៊ីហ្គេម ២០២៣ សហព័ន្ធក៏នៅតែបន្តការខិតខំបន្ថែម សម្រាប់ត្រៀមលក្ខណៈនៃស៊ីហ្គេម នាពេលខាងមុខដែលនឹងចូលមកជាបន្តបន្ទាប់ នៅប្រទេសផ្សេងៗទៀត។
«ដូច្នេះយើងទាំងអស់គ្នា មិនអាចទម្លាក់ដៃបានទេ ពោលគឺត្រូវបន្តដំណើរការអភិវឌ្ឍវិស័យកីឡាជិះសេះកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន និងស្របតាមសន្ទស្សន៍មេដាយមាស១គ្រឿង ដែលគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដាក់ចេញជាគោលការណ៍»។
ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះរូបនេះ បានលើកឡើងទៀតថា នៅក្នុងការប្រកួតតេស្តសមត្ថភាពរបស់កីឡាករ កីឡាការិនី នៃវគ្គបណ្តុះបណ្តាលថ្នាក់នេះ លោកស្រីឃើញថា មានកីឡាករ កីឡាការិនីជម្រើសជាតិ ៤នាក់ ធ្វើបានយ៉ាងល្អ លើការបញ្ជាជិះសេះលោតផ្លោះរបារ។
ជាមួយគ្នានោះ ក៏មានកីឡាករ កីឡាការិនីមួយចំនួនទៀត កំពុងបង្ហាញនូវភាពល្អប្រសើរផងដែរ ប៉ុន្តែត្រូវហ្វឹកហាត់សមនៅលើកម្ពស់ ៦០សង់ទីម៉ែត្រសិន ជាមួយនឹងសេះចំនួន៣ក្បាល ដែលត្រូវបាននាំចូលពីប្រទេសបារាំង ទើបបានជាង១ខែនេះ ហើយនៅពេលខាងមុខនឹងព្យាយាមលោតឲ្យបានដល់១ម៉ែត្រ និង១,២០ម៉ែត្រ ដែលជាតម្រូវការស្តង់ដារប្រកួត។
បន្ថែមពីលើនេះ លោកស្រីប្រធានក៏បានលើកឡើងទៀតថា ការថែទាំងសេះ គឺជារឿងសំខាន់បំផុត ទាំងមុនពេលប្រកួត ទាំងក្នុងពេលប្រកួត និងក្រោយពេលប្រកួត ដោយត្រូវត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីក្រុមពេទ្យសត្វ និងអ្នកថែទាំសេះ ដោយថែទាំទៅលើសុខភាព ដូចជាកម្តៅ ចង្វាក់បេះដូង ការរងរបួសជាដើម។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសថ្នាក់ជាតិ កីឡាជិះសេះ លោតផ្លោះរបារ កម្រិត១ ឆ្នាំ២០២២នេះផ្តោតសំខាន់លើការសិក្សាអំពីការត្រួតពិនិត្យសុខភាព និងស្ថានភាពសេះ ការព្យាបាល ក្នុងពេលប្រកួត និងក្រោយពេលប្រកួត។ ផ្តោតសំខាន់លើការត្រួតពិនិត្យសុខភាពសេះ និងកីឡាករ កីឡាការិនីជិះសេះផ្លោះរបារ ការប្រកួតជិះសេះផ្លោះរបារ និងការត្រួតពិនិត្យសេះជាមួយនឹងកីឡាករ កីឡាការិនីជិះសេះរត់រយៈចម្ងាយឆ្ងាយ។
វគ្គបណ្តុះបណ្តាលកីឡាជិះសេះថ្នាក់ជាតិនេះ ធ្វើឡើងដើម្បីឲ្យមន្ត្រីបច្ចេកទេស កីឡាករ កីឡាការិនី ក៏ដូចជានិស្សិតមកពីសកលវិទ្យាល័យភូមិន្ទកសិកម្មបានយល់កាន់តែច្បាស់អំពីការងារបច្ចេកទេស ការមើលថែទាំសេះ តាមរយៈការអនុវត្តជាក់ស្តែងផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។