គម្រោង​ជួសជុល​ខ្លោង​ទា្វរ​ខាងកើត​ប្រាសាទតាព្រហ្ម សម្រេចបាន ២០​ភាគរយ​ហើយ​!

​គម្រោង​ជួសជុល​ខ្លោង​ទា្វរ​ខាងកើត​នៃ​ប្រាសាទតាព្រហ្ម​ដែល​បានចាប់ផ្ដើម​ដំណើរការ​តាំងពី​អំឡុង​ខែមករា​ឆ្នាំ​២០២២ រហូតមកដល់​ពេលនេះ សម្រេចបាន​ប្រមាណ​២០ ភាគរយ ហើយ ដែល​កិច្ច​ការជួសជុល អភិរក្ស​នេះ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​ជាមួយនឹង​ក្រុម​បុរាណវិទ្យា​ឥណ្ឌា​។​

​លោក ចាន់ ឡាយ ប្រធាន​គម្រោង​ជួសជុល​ខ្លោងទ្វារ​ខាងកើត​ប្រាសាទតាព្រហ្ម​បានឱ្យដឹងថា ខ្លោងទ្វារ​ខាងកើត​នៃ​ប្រាសាទតាព្រហ្ម មាន​សភាព​ទ្រុឌទ្រោម និង​រង​ការខូចខាត​ខ្លាំង ដោយ​កន្លែង​ខ្លះ​ថ្ម​បាន​រលំ​ធ្លាក់ ដែល​ត្រូវតែ​ធ្វើការ​សង្គ្រោះបន្ទាន់ ទើប​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រុម​បុរាណវិទ្យា​ឥណ្ឌា ក្រោយពី​ទទួលបាន​អនុសាសន៍​ពី​ក្រុម​អ្នកជំនាញការ​អាយ​ស៊ី​ស៊ី​-​អង្គរ ចាប់ផ្ដើម​អនុវត្តន៍​គម្រោង​ជួសជុល​ប្រាសាទតាព្រហ្ម​នេះ ក្នុងដំណាក់កាល​ទី​២ ដោយ​ជួសជុល​ខ្លោងទ្វារ​ទិសខាងកើត​។​

​លោក ចាន់ ឡាយ ឱ្យដឹងទៀតថា ការជួសជុល​ខ្លោងទ្វារ​ខាងកើត​នៃ​ប្រាសាទតាព្រហ្ម មាន​ច្រើន​ដំណាក់កាល ដូចជា​សិក្សា​ពី​ទ្រង់ទ្រាយ​ដើម​របស់​ខ្លោងទ្វារ ដើម្បី​ជួសជុល​ឱ្យស្រប​តាម​លំនាំ​ដើម​ឡើងវិញ ស្វែងរក​ថ្ម​ដែល​បាត់ មក​រៀប​នៅ​កន្លែង​ដើម​វិញ ឬក៏​ត្រូវ​បន្ថែម​ថ្ម​ថ្មី​ចំពោះ​ទីតាំង​ដែល​ចាំបាច់​ទ្រ​ទំងន់ និង​ការជំនួស​ថ្ម​ថ្មី​ចំពោះ​ថ្ម​ណា​ដែល​ពុកផុយ​ខូចខាត​ជាដើម​។
​បន្ថែម​លើ​ការងារ​ជួសជុល ក្រុមការងារ​ក៏ត្រូវ​ធ្វើ​កំណាយ​ស្រាវជ្រាវ​បែប​បុរាណវិទ្យា សិក្សា​សម្រង់​ប្លង់ ស្វែងរក​ថ្ម រើ​ថ្ម ពង្រឹង​គ្រឹះ ផ្គុំ​សាកល្បង និង​រៀប​ឱ្យ​ត្រូវ​កន្លែង​ដើម​វិញ តាមរយៈ​បច្ចេកទេស​អាណា​ស្ទី​ឡូ (anastylosis)​។

​គម្រោង​ជួសជុល​ខ្លោងទ្វារ​ខាងកើត​នៃ​ប្រាសាទតាព្រហ្ម គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៣ ហើយ​រហូតមក​ដល់ពេលនេះ ការងារ​ជួលជុល គឺ​បានសំរេច​ប្រមាណ​២០​ភាគរយ​។​

​ក្រុមការងារ​ជួសជុល ក៏​សូម​ការយោគយល់ អធ្យាស្រ័យ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវទេសចរ​ដែល​បាន​ទៅ​ទស្សនា​ប្រាសាទតាព្រហ្ម ចំពោះ​ការបិទ​វង់​ទស្សនា​មួយចំនួន ដោយសារតែ​កំពុងដំណើរការ​ជួសជុល ដែល​ធ្វើឱ្យ​កន្លែង​ខ្លះ​ត្រូវ​ប​ង្វាង​ផ្លូវ​ទស្សនា និង​ផ្នែក​ខ្លះទៀត​ត្រូវ​ដោះដូរ​ភ្លាមៗ​តាម​ស្ថានភាព​ជាក់ស្តែង ដើម្បី​បញ្ចៀស​ហានិភ័យ​ដែល​អាច​កើតជា​យថាហេតុ​នោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close