សង្គ្រាម​អូសបន្លាយ ការជួយ​របស់លោក​ខាងលិច​ទៅលើ​អ៊ុយ​ក្រែ​ន​ក៏​នឹង​ចុះ​ខ្យោ​យ​ដែរ​

សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ជិត​ឈានចូល​ខែ​ទី​៥​ហើយ ក្នុងពេលដែល​ប្រទេស​នេះ​បង្ហាញ​ក្តី​បា​ម្ភ​យ៉ាងខ្លាំង​ពី​ការថយចុះ​ការគាំទ្រ​របស់​ប្រទេស​លោកខាងលិច ក្នុង​សង្គ្រាម​ទប់ទល់​ជាមួយ​រុស្ស៊ី​។​

​តំណាងរាស្ត្រ​មកពី​គណបក្សប្រឆាំង លោក Lesia Vasylenko បាន​ឲ្យ​ដឹងថា ក្តីបារម្ភ​ខាងលើ​របស់​អ៊ុយ​ក្រែ​ន បានបង្ហាញ​យ៉ាងច្បាស់ ពី​សង្គ្រាម​ទប់ទល់​ជាមួយ​រុស្ស៊ី កាន់តែ​ចុះខ្សោយ ហើយ​ទាហាន​ជាច្រើន​ស្លាប់ និង​ខាតបង់​សេដ្ឋកិច្ច​ជាច្រើន​។ នោះ​ជាការ​គំរាមកំហែង និង​ធ្វើ​ឲ្យ​ពលរដ្ឋ មាន​អារម្មណ៍​ហត់នឿយ​ចំពោះ​សង្គ្រាម​នេះ ។​

​អ៊ុយ​ក្រែ​ន​បច្ចុប្បន្ន អាស្រ័យ​ទាំងស្រុង​ទៅលើ​ការ​ជំនួយ​របស់​ប្រទេស​លោកខាងលិច ទាំង​ជំនួយ​អាវុធ​និង​ជំនួយ​មនុស្សធម៌ ។ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​កំពុងតែ ស្វែងរក​ជំនួយ​ដើម្បី​អ​ភី​វឌ្ឍន៍​ប្រទេសជាតិ​ឡើងវិញ​។ ក្នុងពេល​នេះដែរ រុស្ស៊ី កំពុងតែ​ឆ្ពោះទៅរក​ការគ្រប់គ្រង​ទីក្រុង Sievierodonetsk ក្នុង​តំបន់ Donbass ។​

​នៅក្នុង​ព្រឹត្តិការណ៍​មួយ​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នេះដែរ​ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន បាន​និយាយថា ទាហាន​រុ​ស្ស៉ី​បាន​បំផ្ទុះ​បំផ្លាញ​ស្ពាន​ឆ្លងកាត់​ទន្លេ​មួយ​ដែល​ត​ភ្ជាប់ ទីក្រុង Sievierodonetsk ទៅកាន់​ទីក្រុង​មួយ​ផ្សេងទៀត ដែល​នេះ​ស្មើនឹង​ការ​កាត់ផ្តាច់​ផ្លូវ​ជម្លៀស​ខ្លួន​សម្រាប់​ប្រជាជន​ស៉ី​វិល​។​

​ទីក្រុង Sievierodonetsk បាន​ក្លាយជា​ចំណុចកណ្តាល​នៃ​ការប្រយុទ្ធ​គ្នា​ដើម្បី​គ្រប់គ្រង​តំបន់ Donbas ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។ បើតាម​អភិបាល​តំបន់ Luhansk លោក សឺ​ហ៉ី ហ្គៃ​ដៃ (Serhiy Gaidai) រហូតមកដល់​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​កន្លងទៅ កងកម្លាំង​អ៊ុយ​ក្រែ​ន និង​រុ​ស្ស៉ី នៅតែ​ប្រយុទ្ធ​គ្នា​នៅតាម​ដងផ្លូវ ក្នុង​ទីក្រុង​ស៉ី​វី​យេ​រ៉ូ​ដូ​ណេ​ត​។ លោក​បាន​បន្ថែមថា កងកម្លាំង​រុ​ស្ស៉ី​ដណ្តើម​កាន់កាប់​ទឹកដី​ភាគច្រើន​នៃ​ទីក្រុង​នេះ ប៉ុន្តែ​ទាហាន​អ៊ុយ​ក្រែ​ន​នៅតែ​គ្រប់គ្រង​តំបន់ឧស្សាហកម្ម និង​រោងចក្រ​អា​ហ្សុ​ត (Azot) ជា​កន្លែង​ដែល​ជន​ស៉ី​វិល​ប្រហែល ៥០០​នាក់ ជ្រកកោន​នៅ​ទីនោះ ហើយ​ទាហាន​អ៊ុយ​ក្រែ​ន​ក៏​កំពុង​រក​វិធី​ដើម្បី​ជម្លៀស​ពួកគេ​ផងដែរ​។​

​ប៉ុន្តែ​រុ​ស្ស៉ី បាន​បំផ្លាញ​ស្ពាន​ឆ្លងកាត់​ទន្លេ Siverskyi Donets ដែល​ត​ភ្ជាប់​ទីក្រុង​ស៉ី​វី​យេ​រ៉ូ​ដូ​ណេ​ត ជាមួយ​ទីក្រុង (Lysychansk ដូច្នេះ មិនអាច​ជម្លៀស​ប្រជាជន​ស៉ី​វិល​តាម​យានជំនិះ​បាន​ទៀត​ទេ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close