៥​ខែ ដើមឆ្នាំ​នេះ​! កម្ពុជា ទទួល​ទេសចរ​អន្តរជាតិ​ជាង ៣៤​ម៉ឺន​នាក់ កើន​២៧៥%

ភ្នំពេញ​៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹងថា រយៈពេល​៥​ខែ​ដើម​ឆ្នាំនេះ (​ខែមករា​ដល់​ខែឧសភា​) មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចូលមក​ទស្សនា​កម្ពុជា​ចំនួន​៣៤៣,៤៦៤​នាក់ កើនឡើង​២៧៥​ភាគរយ ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២១​។​

​ក្នុង​រយៈពេល​៥​ខែ​នេះដែរ មាន​អ្នកធ្វើដំណើរ​តាមផ្លូវ​អាកាស​ចូលមក​កម្ពុជា​១៨២,៥១២​នាក់ កើនឡើង​៣៣៦​ភាគរយ ក្នុងនោះ​មានមក​ពី​ប្រទេស​ចិន សហរដ្ឋអាមេរិក ម៉ាឡេស៊ី វៀតណាម ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង ថៃ បារាំង សិង្ហ​បុរី និង​ឥណ្ឌា​។ អ្នកធ្វើដំណើរ​តាមផ្លូវ​គោក​មាន​១៥៧,១១៣​នាក់ កើនឡើង​២១៦​ភាគរយ និង​តាមផ្លូវ​ទឹក​មាន​ចំនួន​៣,៨៣៩​នាក់ ក្នុងនោះ​មានមក​ពី​ប្រទេស​ថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ម៉ាឡេស៊ី ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង បារាំង សិង្ហ​បុរី ហ្វីលីពីន និង​ឥណ្ឌា​។​

​ជាការ​កត់សម្គាល់​រប​ស់ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន នៅ​ខែមេសា ឆ្នាំ​២០២២ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ចំនួន​២,៧០០​នាក់​ក្នុង​មួយថ្ងៃ នៅ​ខែឧសភា​ទទួលបាន​៣,៤០០​នាក់​ក្នុង​មួយថ្ងៃ និង​ខែមិថុនា​នេះ​ប្រហែល​ទទួលបាន​៤,២០០​នាក់​ក្នុង​មួយថ្ងៃ​។ ជាការ​រំពឹងទុក​រប​ស់លោក ថោង ខុន ចាប់ពី​ខែកក្កដា​តទៅ កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ​ចាប់ពី​៤,៥០០​ទៅ​៥,៥០០​នាក់​ក្នុង​មួយថ្ងៃ​។​

​ស្ថានភាព​ជើងហោះហើរ​អន្តរជាតិ​ចូលមក​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​មាន​ចំនួន​សរុប​២,៤៥៩​ជើង កើនឡើង​១៦៤​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​នៅ​ឆ្នាំ​២០២១ (៩៣០​ជើង​) ក្នុងនោះ​៖

* អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មាន​ចំនួន​២,១១៦​ជើង កើនឡើង​១,២០៣​ជើង​។ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​២២​ក្រុមហ៊ុន និង​មាន​៦​ក្រុមហ៊ុន​កំពុង​ហោះហើរ​ទៀងទាត់​ជា​រៀងរាល់ថ្ងៃ​។​
* អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​មាន​ចំនួន​២០៤​ជើង កើនឡើង​១៩៩​ជើង​។ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​៥​ក្រុមហ៊ុន និង​មាន​២​ក្រុមហ៊ុន​កំពុង​ហោះហើរ​ទៀងទាត់​ជា​រៀងរាល់ថ្ងៃ​។​
* អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះសីហនុ​មាន​ចំនួន​១៣៩​ជើង កើនឡើង​១២៧​ជើង​។ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​៣​ក្រុមហ៊ុន និង​មាន​១​ក្រុមហ៊ុន​កំពុង​ហោះហើរ​ទៀត​ទាត់​ជា​រៀងរាល់ថ្ងៃ​។​

ឯកឧត្តម​រដ្ឋ​មន្ត្រ ថោង ខុន បាន​បន្តទៀតថា បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​បើក​ឲ្យ​អនុវត្ត Visa on Arrivals ឡើងវិញ និង​កាត់បន្ថយ​នូវ​លក្ខខណ្ឌ​តម្រូវ​ជាច្រើន​លើ​ផ្នែក​សុខាភិបាល ភ្ញៀវទេសចរ​អន្តរជាតិ​មានការ​កើនឡើង​យ៉ាងច្រើន​គួរ​ឲ្យ​កត់សម្គាល់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close