ក្រុមហ៊ុន​ថ្មី ៤​បន្ថែមទៀត បោះទុន​វិនិយោគ​ជិត ២៤​លាន​ដុល្លារ គ្រោង​បើក​ដំណើរការ​នៅ​កម្ពុជា

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​អនុម័ត​ឲ្យ​គម្រោង​ថ្មីៗ​ចំនួន​៤​បន្ថែមទៀត បើក​ដំណើរការ ក្នុង​ទំហំ​វិនិយោគ​សរុប​ជិត ២៤​លាន​ដុល្លារ និង​បានផ្តល់​ការងារ​រាប់ពាន់​កន្លែង​ទៀតផង​ដែរ​។​

​តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់រ​បស់​ក្រុមហ៊ុន GOLDEN SUN FASHION APPAREL CO., LTD គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ​លេខ ២៦២ C ផ្លូវ​លេខ ១៣៦ DT ភូមិ​ស្រែ​ជំរៅ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ទុនវិនិយោគ​ប្រមាណ ៥ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៩២៦​កន្លែង​។​

​ដោយឡែក តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១- “AMTO CHEMICAL TECHNOLOGY CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាវ ថ្នាំលាប ទឹក​ថ្នាំ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​, ខេត្ត​ព្រះសីហនុ​, មាន​ទុនវិនិយោគ​ចំនួន ១,៧​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ១៥០​នាក់​។​

២- “Kai Feng Wood Products (Cambodia) Co., Ltd.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ និង​ក្តា​បន្ទះ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​, ខេត្ត​ព្រះសីហនុ​, មាន​ទុនវិនិយោគ​ចំនួន ៦,៦​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៣០០​នាក់​។​

៣- “MEI AN LEATHERWARE (CAMBODIA) COMPANY LIMITED” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​, ខេត្ត​ព្រះសីហនុ​, មាន​ទុនវិនិយោគ​ចំនួន ១០,៥​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ១.០០០ នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close